Monday, September 23, 2024
Homeព័ត៌មានជាតិចាប់ស្ត្រីវ៉ៃខ្នោះដៃ ចងជើង ទម្លាក់ទឹកស្រះ

ចាប់ស្ត្រីវ៉ៃខ្នោះដៃ ចងជើង ទម្លាក់ទឹកស្រះ

ខេត្តកំពត ៖ ស្ត្រីវ័យចំណាស់ ជាអ្នកចាំចម្ការឱ្យគេម្នាក់ ត្រូវបានឃាតករមិនស្គាល់មុខ ចិត្តសាហាវព្រៃផ្សៃ ធ្វើសកម្មភាពចាប់ចងជើង ដាក់ខ្នោះដៃទៅក្រោយ បន្ទាប់មកបោះទម្លាក់ចូលទឹកស្រះមួយកន្លែង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម រហូតដល់សាកសពហើមស្អុយ អណ្តែតឡើង ទើបត្រូវបានប្រទះឃើញ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិបើន ឃុំល្អាង ស្រុកដងទង់។

ស្ត្រីចំណាស់រងគ្រោះដែលត្រូវឃាតករសម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះកុយ និន អាយុ៦១ឆ្នាំ មុខរបរស៊ីឈ្នួលចាំចម្ការដូងឱ្យគេ នៅចំណុចកើតហេតុ ស្ថិតក្នុងភូមិបើន ឃុំល្អាង ស្រុកដងទង់ និងមានស្រុកកំណើតនៅភូមិសេរីសុនា ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីរងគ្រោះ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ឯណោះ ប៉ុន្តែបានមកស៊ីឈ្នួលចាំចម្ការដូង ឱ្យឈ្មោះថាប លូ នៅត្រង់ចំណុចភូមិកើតហេតុខាងលើ ហើយជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ១០ព្រឹក ម្ចាស់ចម្ការដូង ឈ្មោះថាប លូ តែងតែទាក់ទងតាមទូរស័ព្ទ សួរនាំស្ត្រីរងគ្រោះជាប្រចាំ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ម្ចាស់ចម្ការបានទូរស័ព្ទទៅស្ត្រីរងគ្រោះដូចសព្វដង តែមិនមានអ្នកលើកទូរស័ព្ទសោះ ទើបម្ចាស់ចម្ការ បានទូរស័ព្ទទាក់ទងទៅលោកមេភូមិបើន ឱ្យមកជួយមើលស្ត្រីរងគ្រោះ នៅក្នុងចម្ការ។

ប្រភពដដែល បន្តថា លុះក្រោយមក លោកមេភូមិ បានចូលមករកស្ត្រីរងគ្រោះ នៅចំណុចទីតាំងកើតហេតុខាងលើ តែមិនឃើញ មិនដឹងថាស្ត្រីរងគ្រោះ បាត់ទៅណាឡើយ លុះពេលទៅមើលនៅក្នុងស្រះទឹក ស្រាប់តែប្រទះឃើញសាកសពស្ត្រីរងគ្រោះ អណ្តែតនៅក្នុងទឹក ទើបផ្អើលឆោឡោ នាំគ្នាចុះទៅស្រង់សាកសពឡើងមកលើគោក ស្រាប់តែប្រទះឃើញសាកសពស្ត្រីរងគ្រោះ មានជាប់ចំណងជើង (ចងដោយខ្សែភ្លើង) ចំណែកដៃ ជាប់ខ្នោះទៅក្រោយទៀតផង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។

លោកវរសេនីយ៍ឯក ហ៊ីង ឈុំ អធិការនគរបាលស្រុកដងទង់ បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងប្រទះឃើញសាកសពស្ត្រីរងគ្រោះ ត្រូវបានចងជើងជាប់ដោយខ្សែភ្លើង ចំណែកដៃ ជាប់ខ្នោះព័ទ្ធទៅខាងក្រោយ។ តាមការ សន្និដ្ឋានជំហានដំបូង ករណីនេះជាករណីប្លន់សម្លាប់ ដែលអាចកើតឡើងនៅចន្លោះម៉ោង ៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។

លោកអធិការ បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញបានបើកការស៊ើបអង្គេត ក៏បានដឹងថា ស្ត្រីរងគ្រោះ មានពាក់គ្រឿងអលង្ការនៅជាប់ខ្លួនផងដែរ តែក្រោយប្រទះឃើញស្លាប់នៅក្នុងស្រះទឹក គ្រឿងអលង្ការទាំងនោះក៏បានបាត់អស់ដែរ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេត ជ្រាវជ្រាវ កំណត់មុខសញ្ញាជនដៃដល់ ដើម្បីតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។

ដោយឡែក សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES