Monday, September 23, 2024
Homeព័ត៌មានជាតិដើរឆក់ត្រី ឆក់ខ្លួនឯងស្លាប់

ដើរឆក់ត្រី ឆក់ខ្លួនឯងស្លាប់

ខេត្តកោះកុង ៖ បុរសជាកម្មករសំណង់ម្នាក់ ឆ្លៀតពេលសម្រាកពីការងារ ចេញទៅឆក់ត្រី បំណងយកមកទុកធ្វើម្ហូប ស្រាប់តែបាត់ខ្លួនពេញ១យប់ លុះព្រឹកឡើង ប្អូនថ្លៃចេញតាមរក ក៏ប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម ជាប់នឹងឧបករណ៍ឆក់ត្រីរបស់ខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

បុរសរងគ្រោះដែលត្រូវឧបករណ៍ឆក់ត្រី ឆក់ស្លាប់នោះ មានឈ្មោះវ៉យ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងមានស្រុកកំណើតនៅភូមិខ្នងជ្រូកខាងលិច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពពីបុរសឈ្មោះគង់ សុភាន់ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ដែលជាកម្មករសំណង់ធ្វើការជាមួយគ្នា បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រោយពីហូបបាយរួច ជនរងគ្រោះបានស្ពាយអាគុយនិងឧបករណ៍ឆក់ ចេញទៅដើររកឆក់ត្រី យកមកទុកធ្វើម្ហូប ដូចសព្វដង។ ចំណែកខ្លួនបានដេកលង់លក់ទៅ ដោយមិនដឹងថាបងថ្លៃ (ជនរងគ្រោះ) ត្រឡប់មកវិញថ្មើរណានោះទេ។

ប្រភពដដែល បន្តថា លុះព្រឹកឡើង ភ្ញាក់ពីដេក ស្រាប់តែមិនឃើញបងថ្លៃ នៅកន្លែងដេក ទើបខ្លួននឹកសង្ស័យ ក៏ចេញទៅដើររក ដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ជាប់នឹងឧបករណ៍ឆក់ត្រី ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ មានស្លាកស្នាមក្បាលមានហូរឈាមចេញពីស្លឹកត្រចៀកខាងស្តាំ ដងខ្លួនពុំមានស្លាកស្នាមទេ ដៃខាងស្តាំ ឆក់ខ្លោចដោយឧបករណ៍ខ្សែភ្លើង សម្លៀកបំពាក់ អាវស្បែកពណ៌ខ្មៅ ខោខូវប៊យខ្លីពណ៌ដោះគោ លីអូពណ៌ក្រហម។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ បានស្លាប់ដោយសារឆក់នឹងឧបករណ៍ឆក់ត្រី ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យឈ្មោះគង់ សុភាន់ ត្រូវជាប្អូនថ្លៃ ដឹកទៅកាន់ស្រុកកំណើត ឯខេត្តស្វាយរៀង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES