Monday, September 23, 2024
Homeព័ត៌មានជាតិដោះលែងម្ចាស់និងអ្នកបើកទូកដ លិចស្លាប់សិស្ស១១នាក់

ដោះលែងម្ចាស់និងអ្នកបើកទូកដ លិចស្លាប់សិស្ស១១នាក់

ភ្នំពេញ ៖ ម្ចាស់ទូក ២នាក់ និងអ្នកបើកម្នាក់ ដែលពាក់ព័ន្ធករណីលិចទូក បណ្តាលឱ្យសិស្សស្លាប់ ១១នាក់ នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានព្រះរាជអាជ្ញា សម្រេចអនុញ្ញាតឱ្យទៅផ្ទះវិញ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែនីតិវិធីផ្លូវច្បាប់ នៅ បន្តដដែល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជឆាក់ប្រាប់ថា ក្រោយបញ្ចប់ការសាកសួរ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានសម្រេចឱ្យពួកគាត់ទាំង៣នាក់ ត្រឡប់ទៅផ្ទះវិញ ជាបណ្តោះអាសន្ន ខណៈសំណុំរឿង នៅបន្តតាមនីតិវិធីដដែល មិនមែនមានន័យថា មិនចាត់ការនោះទេ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងបញ្ជាក់ថា ចំពោះករណីលិចទូក គឺព្រះរាជអាជ្ញា អនុញ្ញាតឱ្យជនសង្ស័យ ទាំង ៣នាក់ វិលត្រឡប់ទៅផ្ទះជាបណ្តោះអាសន្ន មិនមែនមានន័យថា ដោះលែង មិនចាត់ការនោះទេ ដោយមានអ្នកធ្វើកិច្ចសន្យាត្រឹមត្រូវ។ ដោយឡែក ចំពោះសំណុំរឿង នឹងបន្តចាត់ការតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ថា មនុស្ស ៣នាក់ (ម្ចាស់ទូកដ ២នាក់ ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់) ដែលជាប់ពាក់ព័ន្ធហេតុការណ៍លិចទូក បណ្តាលឱ្យស្លាប់កូនសិស្សចំនួន ១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត។

អ្នកទាំង៣ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដោះលែងវិញនោះ រួមមាន ទី១-ឈ្មោះឆឹង វណ្ណា ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ទូកដ។ ទី២-ឈ្មោះឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដ។ អ្នកទាំងពីរ ត្រូវជាបងប្អូនបង្កើត និងទី៣-ឈ្មោះថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក។ ជនសង្ស័យទាំង៣នាក់ មានលំនៅក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

លោកស្នងការ បានបញ្ជាក់ឱ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ហើយឈានទៅដល់ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូក ចំនួន៣ ដើម្បីឱ្យទទួលខុសត្រូវលើករណីនេះ ចាត់វិធានការផ្លូវច្បាប់ ហើយក៏ការជាព្រមានដល់ម្ចាស់ទូកដទៃទៀត ឱ្យមានស្មារតីប្រុង ប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់បន្ថែមថា ហេតុការណ៍លិចទូកដនេះ អាចកើតមកពីការខ្វះការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេស របស់កម្លាំងនគរបាលខេត្ត ក៏ដូចជាកម្លាំងជំនាញក្រសួងមហាផ្ទៃ ដែលបានចុះមកពិនិត្យដោយផ្ទាល់ គឺបានរកឃើញថា ទូកដឹកកូនសិស្សដែលលិចនេះ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខាងក្នុងបានពុក ជ័រទឹកក៏បានស្ងួតប្រេះ ដូច្នេះមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើអាជីវកម្ម។

គួររំលឹកថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានហេតុការណ៍ដ៏រន្ធត់ និងសោកសង្រេងមួយ បានកើតឡើងទៅលើក្មេងៗជាសិស្សសាលា ១ក្រុម ដែលទើបនឹងចេញពីសាលារៀន នាំគ្នាឆ្លងតាមទូកដ សំដៅទៅផ្ទះ ឯកណ្តាលកោះ ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក វិញទាំងយប់ ខណៈដែលឆ្លងជិតដល់ត្រើយម្ខាងទៅហើយ ស្រាប់តែជួបគ្រោះអកុសល លិចទូកដ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម សរុបចំនួន១១នាក់ ចំណែក ៤នាក់ ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា នៅលើទូកដ ដែលលិចកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នោះ មានមនុស្សសរុបចំនួន១៥នាក់។ នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់ ក្រុមជួយសង្គ្រោះ បានរកឃើញ និងជួយសង្គ្រោះ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចំនួន ៦នាក់ (ស្លាប់២នាក់)។ បន្ទាប់មក ពេញ១ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្លាំងសង្គ្រោះ បានរកឃើញសពជនរងគ្រោះ៨នាក់ទៀត។ លុះមកដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ទើបរកឃើញសាកសពក្មេងប្រុសចុងក្រោយ (សាកសពទី១១) ៕

RELATED ARTICLES