Monday, September 23, 2024
Homeព័ត៌មានជាតិផឹកស៊ីឈ្លោះគ្នា ទាញកាំបិតកាប់ ជាប់ខ្នោះ៨នាក់

ផឹកស៊ីឈ្លោះគ្នា ទាញកាំបិតកាប់ ជាប់ខ្នោះ៨នាក់

ខេត្តព្រះសីហនុ ៖ ជនជាតិចិន ២ក្រុម អង្គុយផឹកស៊ីក្នុងហាងជាមួយគ្នាសុខៗ ស្រាប់តែកើតមានទំនាស់ពាក្យសម្តីគ្នា រហូតឈានដល់ការប្រើអំពើហិង្សាដាក់គ្នា ដោយស្ទុះរត់ចូលផ្ទះបាយ ទាញកាំបិតរបស់ចុងភៅ មកដេញកាប់គ្នាប្រសាចពេញក្នុងហាង ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ ឃាត់ខ្លួនភាគីទាំងសងខាង បានចំនួន៨នាក់ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចហាងផឹកស៊ីមួយកន្លែង យីហោ ស៊ីកាង មានទីតាំងស្ថិតនៅម្តុំឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិន ២ក្រុមខាងលើ បានអង្គុយផឹកស៊ីក្នុងភោជនីយដ្ឋាន ស៊ី កាង ដោយអង្គុយផឹកតុក្បែរគ្នា លុះមកដល់វេលាម៉ោងកើតហេតុ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន មិនដឹងថាមានរឿងអ្វី ស្រាប់តែក្រុមជនជាតិចិន ទាំង២ក្រុមនេះ បានទាស់សម្តីគ្នាយ៉ាងខ្លាំង រហូតឈានដល់ការផ្ទុះហិង្សាដាក់គ្នា ដោយម្នាក់ៗស្ទុះរត់ចូលផ្ទះបាយ ទាញយកកាំបិតរបស់ចុងភៅ មកដេញកាប់គ្នាទៅវិញទៅមក បណ្តាលឱ្យបែកកញ្ចក់នៅក្នុងហាងនោះផងដែរ តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ភ្លាមៗនោះ សមត្ថកិច្ចទេសចរណ៍ដែលប្រចាំការនៅគោលដៅខាងលើ បានរាយការណ៍បន្តឱ្យសមត្ថកិច្ចខាងព្រហ្មទណ្ឌកម្រិតស្រាល របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍ ដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាប់ក្រុមជនជាតិចិន ទាំងអស់នោះ (ទាំង២ក្រុម) ដោយឃាត់ខ្លួនសរុបបានចំនួន ៨នាក់ ព្រមទាំងដកហូតបានកាំបិត ចំនួន ៥ដើម បញ្ជូនភ្លាមៗទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES