ភ្នំពេញ ៖ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤ទីតាំង នៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបជាបន្តបន្ទាប់ ដោយឃាត់ខ្លួន ជនជាតិបរទេស សរុបចំនួន៥៤នាក់ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួល ផែនការងារសន្តិសុខ និងនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដោយបានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យ រកឃើញជនបរទេស សរុបចំនួន៥៤នាក់ ក្នុងនោះ ចំនួន៣៩នាក់ (ស្រី៤នាក់) មាន ៣សញ្ជាតិ (ចិន ឡាវ និងវៀតណាម) ជាមុខសញ្ញាប្រព្រឹត្តបទល្មើសឆបោកអនឡាញ (Online Scams) ចំណែក១៥នាក់ទៀត ទាក់ទងនឹងការរស់នៅខុសច្បាប់ គ្មាន លិខិតឆ្លងដែន។

នៅក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈវត្ថុតាង រួមមាន កុំព្យូទ័រលើតុ (All In One) ចំនួន១៤គ្រឿង កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន២គ្រឿង និងទូរស័ព្ទដៃ ចំនួន៤១គ្រឿង។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
