Monday, September 23, 2024
Homeព័ត៌មានជាតិកាប់២កាំបិត ចាក់សាំងដុតទាំងរស់ ប៉ូលិសចុះចាប់ គំរាមដុតខ្លួន

កាប់២កាំបិត ចាក់សាំងដុតទាំងរស់ ប៉ូលិសចុះចាប់ គំរាមដុតខ្លួន

ខេត្តសៀមរាប ៖ បុរស២នាក់ ធ្លាប់កើតមានជម្លោះនឹងគ្នាជាយូរមកហើយ រហូតដល់ភាគីម្ខាងចងគំនុំក្នុងចិត្ត ប៉ងផ្តាច់ជីវិតគូទំនាស់របស់ខ្លួនទៀតផង លុះក្រោយមក បានកើតមានជម្លោះពាក្យសម្តីនឹងគ្នាម្តងទៀត ស្រាប់តែភាគីម្ខាង បានយកសាំងទៅចាក់ដុតគូទំនាស់ បណ្តាលឱ្យ ឆេះអាវ រលាកខ្លួន បន្ទាប់មកបានស្ទុះកាប់ថែម ២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពទ្យភ្លាមៗ  រីឯជនដៃដល់ បានរត់ទៅសម្ងំលាក់ខ្លួនក្នុងផ្ទះ លុះសមត្ថកិច្ចចុះអន្តរាគមន៍ បានគំរាមដុតសម្លាប់ខ្លួន តែចុងក្រោយត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

 ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ។

ជនសង្ស័យដែលចាក់សាំងដុត រួចកាប់ប៉ងសម្លាប់គូទំនាស់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះ សយ អាត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ។ ចំណែកជនរងគ្រោះ មានឈ្មោះឈឿ បូណា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើជាមួយគ្នា (រងរបួស ២កាំបិត និងឆេះរលាកខ្លួន)។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួល ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានឱ្យលោកដឹកនាំកម្លាំងបញ្ជាផ្ទាល់ ចុះសហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គរជុំ ទៅដល់កន្លែងកើតហេតុ ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកសាកសួរនៅការិយាល័យនគរបាលជំនាញ ពាក់ព័ន្ធទៅនឹងករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

លោកសុខ ម៉េងអ៊ាង បានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះឈឿ បូណា បានកើតមានទំនាស់ពាក្យសម្តី ជាមួយជនសង្ស័យឈ្មោះសយ អាត។ ភ្លាមនោះជនសង្ស័យ បានយកសាំងដុតខ្ចូស និងដុតខ្លួនជនរងគ្រោះ បណ្តាលឱ្យឆេះអាវ រលាកខ្លួន។ បន្ទាប់មក ជនសង្ស័យបានយកកាំបិតពីក្នុងផ្ទះ កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ លើផ្ទៃមុខ ១កាំបិត និងស្មាខាងឆ្វេង ១កាំបិត ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់ចូលក្នុងផ្ទះ ហើយចាក់សោផ្ទះសងំក្នុងផ្ទះ ពេញ១យប់ លុះព្រឹកឡើង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ និងគោះទ្វារហៅជនសង្ស័យឱ្យចេញពីក្នុងផ្ទះ ជនសង្ស័យបានយកសាំងគំរាមសមត្ថកិច្ច និងថែមទាំងគំរាមដុតខ្លួនទៀតផង។ យ៉ាងណា កម្លាំងសមត្ថកិច្ចបានសម្រេចទម្លុះទ្វារ ចូលឃាត់ខ្លួនជនសង្ស័យបាន និងដកហូតបាន កាំបិត១ ពូថៅ១ និងសាំង ៦ដប រួចយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សយ អាត បានឆ្លើយសារភាពថា ខ្លួនពិតជាបានដុត និងកាប់ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុ ដោយសារខឹងជនរងគ្រោះ តែងតែមានទំនាស់ជាមួយរូបខ្លួន ទើបនៅថ្ងៃកើតហេតុ រូបខ្លួនបានយកសាំងចាក់ដុតជនរងគ្រោះ ហើយថែមទាំងយកកាំបិតកាប់ទៅលើជនរងគ្រោះប្រាកដមែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES