Monday, September 23, 2024
Homeព័ត៌មានជាតិតូចចិត្តលែងប្រពន្ធលែង ប្តីចាក់សាំងដុតសម្លាប់ខ្លួន

តូចចិត្តលែងប្រពន្ធលែង ប្តីចាក់សាំងដុតសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ បុរសម្នាក់ បន្ទាប់ពីប្រពន្ធលែង អស់រយៈពេលជាង១ឆ្នាំមក មានការខូចចិត្ត តែងផឹកស្រាស្រវឹងជាប្រចាំ លុះចុងក្រោយស្រាប់តែបែកគំនិតទិញសាំង ១លីត្រកន្លះ មកចាក់ស្រោចខ្លួន រួចដុតខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ រលាករលួយពេញខ្លួន រងរបួសយ៉ាងធ្ងន់ និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ករណីអត្តឃាតកម្ម ចាក់សាំងដុតសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចដីឡូត៍ក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ។

បុរសគិតខ្លីដែលដុតសម្លាប់ខ្លួនឯងនោះ មានឈ្មោះលីម សេរី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ជាបុរសពោះម៉ាយ លែងលះប្រពន្ធជាង១ឆ្នាំមកហើយ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចរកឃើញ រួមមាន ដែកកេះពណ៌លឿងចំនួន១ ដបទឹកសុទ្ធម៉ាកវីតាល់ ចំណុះ១លីត្រកន្លះ ចំនួន១ (ដបច្រកសាំង)។

តាមសម្តីស្ត្រីចំណាស់ឈ្មោះសុខ ហ៊ាង អាយុ៦៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប៉ុន្មានថ្ងៃមកនេះ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ហាក់មានអារម្មណ៍ស្រងូតស្រងាត់ មិនសូវនិយាយស្តី និងចេះតែដេកសញ្ជប់សញ្ជឹងក្នុងអង្រឹងតែម្នាក់ឯង ហើយគាត់ជាម្តាយ ក៏មិនបានចាប់អារម្មណ៍ថាកូនប្រុសមានវិបត្តិអ្វីនោះដែរ នឹកស្មានថាកូនមិនសូវស្រួលខ្លួនធម្មតាប៉ុណ្ណោះ មិននឹកស្មានថា កូនប្រុសគាត់មានវិបត្តិធ្ងន់ធ្ងររហូតដល់ដាច់ចិត្តបញ្ចប់ជីវិតដោយដុតសម្លាប់ខ្លួនបែបនេះសោះ។

ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កូនប្រុសរបស់គាត់ បាននៅផ្ទះ ដោយមិនបានទៅជួយមើលដំណាំបងរបស់គេទេ ហើយគេបានទៅដេកនៅលើអង្រឹងនៅរោងបាយដីឡូត៍ក្រោយផ្ទះ បន្ទាប់មក ក្រោយពីដាំស្លឆ្អិនហើយ គាត់ជាម្តាយ ក៏បានដើរទៅហៅកូនប្រុស ឱ្យមកហូបបាយថ្ងៃត្រង់ជុំគ្នា តែពេលទៅដល់ កូនប្រុសបានប្រាប់ថា ទៅមុនទៅ ចាំគេទៅតាមក្រោយ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ទៅហើយ នៅតែមិនឃើញកូនមកហូបបាយទៀត ទើបគាត់ ក៏បានដើរទៅ ហៅកូន ម្តងទៀត ពេលនោះ កូនប្រុសគាត់ បានឆ្លើយថា “មិនទាន់ឃ្លានទេ ម៉ែហូបមុនទៅ”។ ឮបែបនេះ គាត់ក៏ដើរត្រឡប់មកវិញ តែមុននឹងចេញមក គាត់បានក្រឡេកមើលឃើញដបទឹកសុទ្ធ ១ដបធំ (ចំណុះ ១លីត្រកន្លះ) មានសាំងនៅក្នុងនោះ ទើបគាត់ក៏សួរកូនប្រុសថា យកមកធ្វើអី? គេក៏ឆ្លើយថា ទុកចាក់ម៉ូតូ ហើយគាត់ក៏មិនចាប់អារម្មណ៍អ្វីដែរ រួចក៏ដើរមកផ្ទះវិញទៅ។ រហូតដល់វេលាម៉ោង ១រសៀល ថ្ងៃដដែល ស្រាប់តែប្រជាពលរដ្ឋដែលធ្វើចម្ការជិតនោះ ឃើញមានភ្លើងឆេះ ក៏រត់មកស្រែកហៅរូបគាត់ឱ្យទៅមើល លុះគាត់ទៅដល់ ក៏ប្រទះឃើញ កូនប្រុសត្រូវភ្លើងឆេះរលាករលួយពេញខ្លួនប្រាណទៅហើយ ទើបនាំគ្នាយកភួយដាក់ទឹក យកទៅគ្រប និងខ្លះកាច់មែកឈើយកមកគ្រប ដើម្បីពន្លត់ភ្លើង ហើយបានលើកកូនប្រុសគាត់ មកដាក់លើគ្រែ។

ស្ត្រីជាម្តាយជនរងគ្រោះ បញ្ជាក់ថា ដោយឃើញថា កូនប្រុសរបស់គាត់នៅមានដង្ហើម ទើបប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់ពេទ្យ កូនប្រុសគាត់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ ទើបដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

តាមការអះអាងពីស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានឱ្យដឹងថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានបែកបាក់ជាមួយប្រពន្ធ បានរយៈពេលប្រមាណជាង១ឆ្នាំកន្លះមកហើយ ហើយតាំងពីលែងលះគ្នាមក កូនប្រុសគាត់ តែងផឹកស្រាស្រវឹងជាប្រចាំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ បានចុះមកពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញដែកកេះ១ និងដបទឹកបរិសុទ្ធ (ច្រកសាំង) ចំណុះ១លីត្រកន្លះ ចំនួន១ដប។ តាមការ សន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត ដោយចាក់សាំងដុតសម្លាប់ខ្លួន។ មូលហេតុ សង្ស័យមានវិបត្តិផ្លូវចិត្តរឿងបែកបាក់ប្រពន្ធ និងស្រវឹងស្រា។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES