Monday, September 23, 2024
Homeព័ត៌មានជាតិចាក់ធុងបាស់ឮខ្លាំង ខឹងគេឃាត់ វ៉ៃសន្លប់

ចាក់ធុងបាស់ឮខ្លាំង ខឹងគេឃាត់ វ៉ៃសន្លប់

ភ្នំពេញ ៖ កម្មករ ១ក្រុម បាននាំគ្នាផឹកស៊ី រួចចាក់ធុងបាស់ដោយបើកសំឡេងខ្លាំង នៅជាន់ទី៤ នៃការដ្ឋានសំណង់ លុះគ្រាន់តែបុរសជាកម្មករម្នាក់ ដើរមកប្រាប់ឱ្យបន្ថយសំឡេង ព្រោះគាត់ត្រូវការសម្រាក ស្រាប់តែខឹងសម្បា ព្រួតគ្នាវាយទៅលើបុរសនោះ បណ្តាលឱ្យសន្លប់ ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់វាយខ្នោះជនបង្កហេតុ បាន២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចការដ្ឋានសំណង់ ១កន្លែង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមសម្តីបងស្រីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ក្រុមបង្កហេតុ បាននាំគ្នាផឹកស៊ី តាំងពីក្បាលព្រលប់ រហូតដល់យប់ជ្រៅ នៅមិនទាន់ឈប់ទៀត មានទាំងចាក់ធុងបាស់ឮខ្លាំង រំខានដល់ក្រុមកម្មករដែលស្នាក់នៅជិតនោះទៀតផង។ បន្ទាប់មក ប្អូនប្រុសគាត់ ជាជនរងគ្រោះ បានដើរទៅប្រាប់ឱ្យពួកគេបន្ថយសំឡេងធុងបាស់បន្តិច ព្រោះយប់ហើយ គេត្រូវការសម្រាក ស្រាប់តែក្រុមជនបង្កហេតុ បានរករឿងឈ្លោះ និងព្រួតវាយមកលើប្អូនគាត់ (ជនរងគ្រោះ) ដោយដៃមានកាន់ដែកវាយ បណ្តាលឱ្យជនរងគ្រោះសន្លប់តែម្តង។

ប្រភពដដែល បន្តថា នៅពេលនោះ ក៏មានអ្នកចូលទៅជួយដែរ ប៉ុន្តែក្រុមកម្មករនោះ មិនបានស្តាប់ឡើយ ថែមទាំង វាយ ទៅលើពួកគាត់ថែមទៀត បណ្តាលឱ្យបុរសម្នាក់ រងរបួសជើងខាងស្តាំ ហូរឈាម និងរងរបួសស្រាល ២នាក់ផងដែរ។

ប្រភពព័ត៌មាន បន្តទៀតថា ដោយឃើញបែបនេះ សន្តិសុខដែលយាមនៅជិតនោះ បានទូរស័ព្ទប្តឹងកម្លាំងកងរាជអាវុធហត្ថខណ្ឌចម្ការមន ឱ្យចុះអន្តរាគមន៍ និងឃាត់ខ្លួនជនបង្កហេតុ ២នាក់ នាំខ្លួនយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសាកសួរ។

ចំណែកបុរសរងគ្រោះ ត្រូវបានក្រុមគ្រួសារហៅរថយន្តពេទ្យ មកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕

RELATED ARTICLES