Monday, September 23, 2024
Homeព័ត៌មានជាតិម៉ែឪទៅស្រែ កូនចាំផ្ទះ ភ្លើងឆេះហ្មត់

ម៉ែឪទៅស្រែ កូនចាំផ្ទះ ភ្លើងឆេះហ្មត់

ខេត្តព្រៃវែង ៖ ប្តីប្រពន្ធ ២នាក់ បាននាំគ្នាក្រោកវេចបាយទៅស្រែ តាំងពីព្រឹកព្រលឹមស្រាងៗ ដោយទុកឱ្យកូនស្រីនៅចាំផ្ទះតែម្នាក់ឯង លុះក្រោយមក មិនដឹងថាយ៉ាងម៉េច ស្រាប់តែកើតមានអគ្គិភ័យ ឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង គិតជាទឹកប្រាក់ សរុបប្រមាណជាង ៧ពាន់ដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល។

ផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះសង់ពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង មានទំហំ ៩ម៉ែត្រ គុណនឹង ៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះឈឿន វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះស៊ាន សុផល អាយុ៤១ឆ្នាំ សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធបានក្រោកដាំបាយ វេចទៅស្រែ តាំងពីព្រលឹមស្រាងៗម៉្លេះ ដោយទុកឱ្យកូនស្រីឈ្មោះវិចិត្រ រក្សា អាយុ១៧ឆ្នាំ នៅចាំផ្ទះតែម្នាក់ឯង លុះក្រោយមក ស្រាប់តែភ្លើងឆាបឆេះផ្ទះ រហូតអស់ទាំងស្រុងតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះឡើង ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ហើយទ្រព្យសម្បត្តិដែលខូចខាតទាំងអស់ រួមមាន ម៉ាស៊ីនកិនស្រូវ ១គ្រឿង ជីគីមី ៧០បេ កង់ ១គ្រឿង ប្រេងម៉ាស៊ូត ២១កាន ប្រេងសាំង ១កាន ក្បាលខ្យល់បូមទឹក ១គ្រឿង ទូទឹកកក ១គ្រឿង បាវច្រកស្រូវ ៥០ដុំ ទូរស័ព្ទ ១គ្រឿង ម៉ាស៊ីន POS វេរលុយ AMK និងសម្ភារៈមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ចំនួន ១លាន៥សែនរៀល និង៣០០០ដុល្លារ ឬស្មើនឹងប្រមាណ ៧ពាន់ដុល្លារ៕

RELATED ARTICLES