Monday, September 23, 2024
Homeព័ត៌មានជាតិប្អូនថ្លៃដេញចេញពីផ្ទះ បងស្រីចាក់សាំងដុតខ្លួន

ប្អូនថ្លៃដេញចេញពីផ្ទះ បងស្រីចាក់សាំងដុតខ្លួន

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ ត្រូវប្តីស្លាប់ចោល ធ្លាក់ខ្លួនមេម៉ាយខ្លួន១ ទើបប្អូនថ្លៃប្រុសអាណិត ក៏ប្រគល់ផ្ទះ ១ខ្នង ឱ្យស្នាក់នៅ ដោយដាក់លក្ខខណ្ឌថា ប្រសិនបើមិនយកប្តីទៀតទេ នឹងឱ្យស្នាក់នៅអស់១ជីវិត តែបើមានប្តីថ្មីហើយ គឺមិនអនុញ្ញាតឱ្យ នៅ ទៀតទេ។ លុះរយៈពេលប្រមាណ ១ខែមុននេះ បងថ្លៃស្រីបានសែនព្រេនយកប្តីថ្មី ជាអ្នកភូមិជាមួយគ្នា ទើបធ្វើឱ្យប្អូនថ្លៃជាម្ចាស់ផ្ទះ បានប្រាប់ឱ្យបងថ្លៃរើចេញ លែងឱ្យស្នាក់នៅទៀត ជាហេតុធ្វើឱ្យមានទំនាស់ពាក្យសម្តី រហូតស្ត្រីជាបងថ្លៃ ខឹងចិត្ត ក៏ចាក់សាំងដុតសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បាន១យប់។

ករណីអត្តឃាតកម្ម ដុតសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ រហូតមកដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយសារតែស្ថានភាពឆេះរលាករលួយពេញខ្លួនធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យស្ត្រីរងគ្រោះ បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម។

ស្ត្រីរងគ្រោះដែលដុតសម្លាប់ខ្លួននោះ មានឈ្មោះប៊ីន រស់ អាយុ៥៤ឆ្នាំ ជាស្ត្រីមេម៉ាយ សព្វថ្ងៃស្នាក់នៅផ្ទះជាកម្មសិទ្ធិរបស់ប្អូនថ្លៃ ស្ថិតក្នុងភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ ចំណែកបុរសជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះ និងជាម្ចាស់ផ្ទះ មានឈ្មោះជា មុខរបរកសិករ មានលំនៅក្នុងភូមិខាងលើជាមួយគ្នា ផ្ទះឆ្ងាយពីគ្នាប្រមាណ ៥០០ម៉ែត្រ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងកាលនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្ត្រីរងគ្រោះ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្អូនថ្លៃ ឈ្មោះជា ដែលជាម្ចាស់ផ្ទះ ពីរឿងដែលប្អូនថ្លៃដេញឱ្យស្ត្រីរងគ្រោះនិងប្តី ចុះចេញពីផ្ទះរបស់ខ្លួន ហើយពេលនេះ ស្ត្រីរងគ្រោះ បានលើកឡើងថា ប្រសិនបើចង់ឱ្យគាត់ចុះចេញពីផ្ទះនេះ ត្រូវតែសងមាសគាត់ ចំនួន៥ជីសិន ទើបគាត់យល់ព្រមចាកចេញ។

សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទាស់សម្តីជាមួយប្អូនថ្លៃមួយប្រាវរួចមក នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃដដែលនោះដែរ ស្ត្រីរងគ្រោះតូចចិត្តនឹងប្អូនថ្លៃប្រុសស្តីបន្ទោស ព្រមទាំងបណ្តេញចេញពីផ្ទះ ទើបដើរទៅទិញសាំង កន្លះលីត្រ ពីកន្លែងលក់នៅក្នុងភូមិ យកមកចាក់ស្រោចលើខ្លួន រួចដុតធ្វើអត្តឃាតតែម្តង បណ្តាលរងរបួសឆេះខ្លោចពេញខ្លួន  ហើយត្រូវបានប្តីនិងអ្នកជិតខាង ជួយសង្គ្រោះ ដោយយកភួយមកគ្របពន្លត់ភ្លើងទាន់ពេល រួចក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពង់ចាម ភ្លាមៗដែរ ប៉ុន្តែអកុសល ដោយសារតែស្ថានភាពរបួសលើខ្លួនប្រាណស្ត្រីរងគ្រោះ មានសភាពរលេះរលួយធ្ងន់ខ្លាំងពេក ទើបក្រោយពីក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះអស់លទ្ធភាពរួចមក នៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ត្រីរងគ្រោះបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម និងត្រូវបានសាច់ញាតិដឹកត្រឡប់យកមកកាន់លំនៅឋានវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញនៃអធិកាដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងបុគ្គលិកមណ្ឌលសុខភាពអារក្សត្នោត បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញកន្លែងកើតហេតុ រួចបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះ ហម ង៉េន ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ និងឈ្មោះសាយ សុភាព ភេទស្រី អាយុ៤១ឆ្នាំ ឈ្មោះមួន ស្រី អាយុ៤៨ឆ្នាំ ឈ្មោះចៀង ណាត ភេទស្រី អាយុអាយុ៥១ឆ្នាំ (ជាអ្នកជិតខាងជនរងគ្រោះ) សុទ្ធតែបានបញ្ជាក់ដូចៗគ្នាថា ស្ត្រីរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារចាក់សាំងដុតសម្លាប់ខ្លួនប្រាកដមែន។

ជាមួយនេះ សមត្ថកិច្ចក៏បានធ្វើការសាកសួរបុរសឈ្មោះជា ដែលត្រូវជាប្អូនថ្លៃស្ត្រីរងគ្រោះ និងបានឈ្លោះប្រកែកគ្នាមុនកើតហេតុការណ៍ដុតសម្លាប់ខ្លួនផងដែរ ដោយក្នុងនោះ បុរសឈ្មោះជា បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះ ឈ្មោះប៊ីន រស់ ត្រូវជាបងថ្លៃរបស់គាត់ (ប្រពន្ធ របស់បងប្រុសបង្កើតគាត់) លុះក្រោយមក បងប្រុសរបស់គាត់បានស្លាប់បាត់ទៅ ទើបគាត់ឃើញបងថ្លៃស្រីនៅមេម៉ាយខ្លួន១ លំបាកវេទនា ទើបបានប្រគល់ផ្ទះខាងលើ ឱ្យបងថ្លៃស្រីស្នាក់នៅ ហើយគាត់បានចេញទៅរស់នៅផ្ទះផ្សេងទៀត ដែលនៅមិនឆ្ងាយប៉ុន្មានពីគ្នា។ នៅពេលនោះដែរ គាត់បានលើកហេតុផលប្រាប់បងថ្លៃរូបនេះយ៉ាងច្បាស់ថា ប្រសិនបើបងថ្លៃ មិនមានប្តីទៀត គឺគាត់យល់ព្រមឱ្យរស់នៅលើផ្ទះ នេះអស់មួយជីវិត តែបើមានប្តីថ្មី គឺមិនឱ្យស្នាក់នៅទៀតទេ ត្រូវតែចាកចេញទៅរស់នៅកន្លែងផ្សេងជាមួយប្តីចុះ។

បុរសជាប្អូនថ្លៃ បន្តថា ក្រោយមក កាលពីអំឡុងពេលប្រមាណ ១ខែមុននេះ បងថ្លៃស្រីរបស់គាត់ បានសែនព្រេនជាមួយនឹងបុរសម្នាក់ រស់នៅភូមិជាមួយគ្នា រួមរស់ជាប្តីប្រពន្ធ ទើបគាត់សម្រេចចិត្តលែងឱ្យបងថ្លៃនេះស្នាក់នៅផ្ទះរបស់ខ្លួនទៀត។ លុះមកដល់ថ្ងៃកើតហេតុ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ គាត់បានទៅជួបនិយាយជាមួយបងថ្លៃស្រី ដើម្បីឱ្យរើចេញពីផ្ទះ ទៅរកកន្លែងថ្មីស្នាក់នៅជាមួយប្តីថ្មី ស្រាប់តែកើតមានជម្លោះនឹងគ្នាមួយប្រាវ រហូតដល់ប៉ុន្មានម៉ោងក្រោយមក បងថ្លៃស្រី ក៏សម្រេចចិត្តដុតសម្លាប់ខ្លួនបែបនេះតែម្តង។

ជុំវិញហេតុការណ៍ខាងលើនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រាះ ឈ្មោះប៊ីន រស់  ពិតជាស្លាប់ដោយសារចាក់សាំងដុតសម្លាប់ខ្លួនប្រាកដមែន មូលហេតុដោយសារតូចចិត្តរឿងប្អូនថ្លៃបណ្តេញចេញពីផ្ទះ។ ហើយករណីនេះ ប្រសិនបើបុរសជាប្តីស្ត្រីរងគ្រោះ រួមនិង អ្នកជិតខាងពន្លត់ភ្លើងមិនទាន់ទេនោះ អាចឆេះរាលដាលទៅផ្ទះអ្នកជិតខាងបន្ថែមទៀតផង។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES