Monday, September 23, 2024
Homeព័ត៌មានជាតិចិនប្លន់ចិន ៣០ម៉ឺនដុល្លារ

ចិនប្លន់ចិន ៣០ម៉ឺនដុល្លារ

ខេត្តពោធិ៍សាត់ ៖ បុរសជនជាតិចិន ចំនួន៤នាក់ បានធ្វើសកម្មភាពប្លន់ប្រាក់ពីជនជាតិចិនដូចគ្នា ដោយយកបានប្រាក់សុទ្ធ ចំនួន ៩ម៉ឺនដុល្លារ រួចបាញ់លុយតាមទូរស័ព្ទចេញពីគណនីរបស់ជនរងគ្រោះ អស់ច់នួំន ២០ម៉ឺនដុល្លារថែមទៀត បន្ទាប់មកបាននាំគ្នារត់គេច បម្រុងត្រឡប់ទៅស្រុកកំណើតឯប្រទេសចិន វិញ តែរត់មិនទាន់ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន ៣នាក់ នាំយកមកចាត់ការតាមច្បាប់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីប្លន់នេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាល ខេត្តពោធិ៍សាត់ ទទួលផែនយុត្តិធម៌ បានបញ្ជាក់កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា កម្លាំងសមត្ថកិច្ចជំនាញខេត្តពោធិ៍សាត់ បានបំបែកសំណុំរឿងក្រុមជនជាតិចិន ប្លន់លុយជនជាតិចិន គ្នាឯង ជាង៩ម៉ឺនដុល្លារ និងបាញ់យកលុយតាមទូរស័ព្ទ ជិត២០ម៉ឺនដុល្លារ ដោយបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ បន្ទាប់ពីពួកគេបានព្យាយាមរត់គេចខ្លួនត្រឡប់ទៅប្រទេសចិន វិញ។

លោកស្នងការរង បន្តថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឱ្យលោកដឹកនាំកម្លាំង ចុះអនុវត្តតាមឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិន ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះ WU BO Gayu ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី២-ឈ្មោះ JIANG JUNCAI ភេទប្រុស អាយុ២៤ឆ្នាំ និងទី៣-ឈ្មោះ JIANG CHEGCAI ភេទប្រុស អាយុ២៥ឆ្នាំ។ ដោយឡែកបក្ខពួកម្នាក់ទៀត ឈ្មោះ CHEANG ភេទប្រុស បានបើករថយន្តទំនើប ១គ្រឿង ម៉ាក RANG ROVER ពាក់ស្លាកលេខ ភ្នំពេញ 2AX-9449 រត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ មានឈ្មោះ XIAO LI ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិន។

លោកស្នងការរង បានបញ្ជាក់ថា តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ XIAO LI បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង៤នាក់ខាងលើ បានធ្វើសកម្មភាពចាប់ក្រៀកខ្លួន រួចអូសឡើងលើរថយន្ត ដឹកចេញពីក្នុងក្រុមហ៊ុន ដោយបានយកកាំបិតចុងស្រួច ភ្ជង់ករបស់ខ្លួនជាប់ បន្ទាប់មក ពួកគេបានសួរលេខកូដទូដែក រួចទៅដកយកប្រាក់សុទ្ធ ចំនួន៩ម៉ឺនដុល្លារ និងដកយកទូរស័ព្ទ ចំនួន២គ្រឿង រួចបាញ់លុយចេញពីកុងធនាគារខ្លួន អស់២០ម៉ឺនដុល្លារទៀត។ ក្រោយមក ក្រុមជនសង្ស័យបានចងខ្លួនទុកចោលនៅក្នុងព្រៃ ហើយពួកគេ បាននាំគ្នាគេច ខ្លួនបាត់អស់ ពីកន្លែងកើតហេតុភ្លាមៗ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES