ខេត្តកណ្តាល ៖ ក្មេងប្រុសតូចម្នាក់ ឆ្លៀតពេលម្តាយរវល់ការងារផ្ទះភ្លេចខ្លួន បានរត់លេងពីផ្ទះម្តាយរបស់ខ្លួន ទៅផ្ទះជីដូន ដែលនៅក្បែរគ្នា ស្រាប់តែក្រោយមកបានទៅលេងទឹកអូរ ក្បែរផ្ទះ រួចក៏លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីលង់ទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចទឹកអូរ មួយកន្លែង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះអ៊ុន គុនរតនៈ អាយុ៤ឆ្នាំ មានឪពុកឈ្មោះអ៊ុន រដ្ឋា មុខរបរកសិករ ម្តាយឈ្មោះគៀន ភារៈ មុខរបរមេផ្ទះ និងមានលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្មេងប្រុសរងគ្រោះ នៅផ្ទះជាមួយម្តាយឈ្មោះគៀន ភារៈ ចំណែកឪពុកឈ្មោះអ៊ុន រដ្ឋា បានចេញទៅចម្ការ។ ជាទម្លាប់ ក្មេងរងគ្រោះតែងតែរត់លេងចុះឡើងពីផ្ទះម្តាយ ទៅផ្ទះជីដូនដែលនៅជាប់ក្បែរគ្នា លុះមកដល់ពេលកើតហេតុ ស្ត្រីជាម្តាយ ពុំបានចាប់អារម្មណ៍នោះទេ នឹកស្មានថាកូនប្រុសទៅលេងផ្ទះជីដូន ក្បែរនោះ។
ប្រភពដដែល បន្តថា រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃដដែល ឈ្មោះម៉ៃ សុវណ្ណនិមិត្ត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខាងលើ បានដើរកាត់តាមអូរ (ចំណុចកើតហេតុ) បំណងទៅរកស្ទូចត្រី ស្រាប់តែប្រទះឃើញក្មេងប្រុសរងគ្រោះលិចក្នុងទឹក អណ្តែត ឃើញតែសក់ក្បាល ក៏ស្រង់ចេញមកពីទឹក ហើយយកទៅឱ្យម្តាយក្មេងរងគ្រោះ ភ្លាមនោះត្រូវបានក្រុមគ្រួសារក្មេងប្រុសរងគ្រោះនាំគ្នាធ្វើចលនាសង្គ្រោះ និងបម្រុងដឹកយកទៅមន្ទីរពេទ្យ តែអកុសល ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ មិនមានស្លាកស្នាមអ្វី គួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋាន ក្មេងប្រុសរងគ្រោះ បានស្លាប់ដោយសារលង់ទឹក។
សពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕