សរអា ៖ តារាចម្រៀង ទូច ស៊ុននិច ដែលសព្វថ្ងៃកំពុងរស់នៅឯសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារនោះ បានរំឭកពីហេតុការណ៍ដ៏ឈឺចាប់និងសោកស្តាយបំផុតសម្រាប់នាងនិងក្រុមគ្រួសារ កាលពី១៩ឆ្នាំមុន ដែលខ្មាន់កាំភ្លើងដ៏សាហាវឫស្យា បានបាញ់ប្រហារមកលើរូបនាង និងម្តាយ នៅកណ្តាលរាជធានីភ្នំពេញ បណ្តាលឲ្យអ្នកម្តាយជាទីស្រឡាញ់របស់នាងបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ចំនែករូបនាង បានរងរបួសយ៉ាងធ្ងន់ រហូតធ្លាក់ខ្លួនពិការ មិនអាចកម្រើកខ្លួនកំណាត់ខាងក្រោមបានមកទល់សព្វថ្ងៃ។
ក្នុងឱកាសខួប១៩ឆ្នាំ នៃការបាញ់ប្រហាមកលើនាងនិងម្តាយ (២១ តុលា ២០០៣-២១ តុលា ២០២២) កញ្ញាទូច ស៊ុននិច បានលើកឡើងថា នាងនិងក្រុមគ្រួសារ មិនទាន់ឃើញក្រសួងពាក់ព័ន្ធ វែកមុខរកពួកឃាតករ យកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ តើឯណាទៅយុត្តិធម៌សម្រាប់មនុស្សបរិសុទ្ធស្លូតត្រង់? ហេតុនេះ កញ្ញាសូមស្នើសុំសូមសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយវែកមុខពួកឃាតករ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ឲ្យអ្នកម្ដាយនាង និងរូបនាង ព្រមទាំងក្រុមគ្រួសារផង។
កញ្ញាទូច ស៊ុននិច បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ថា «២១ តុលា ២០០៣ មកដល់ ២១ តុលា ២០២២ គឺ ១៩ឆ្នាំកន្លងមកហើយ ដែលខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំ ចងចាំមិនភ្លេចឡើយ នូវឧក្រិដ្ឋកម្ម បាញ់ប្រហារដ៏សាហាវព្រៃផ្សៃ អយុត្តិធម៌មួយ មកលើអ្នកម្ដាយនាងខ្ញុំ និងរូបនាងខ្ញុំ ដែលបណ្ដាលឲ្យអ្នកម្ដាយនាងខ្ញុំ ទទួលមរណភាពយ៉ាងអាណោចអាធ័មជាទីបំផុត ហើយរូបនាងខ្ញុំ ត្រូវរស់ក្នុងភាពពិការ ដល់សព្វថ្ងៃនេះ។ តាំងពីពេលនោះមក នាងខ្ញុំ លោកឪពុកនាងខ្ញុំ ព្រមទាំងក្រុមគ្រួសារនាងខ្ញុំ មិនទាន់ឃើញមានក្រសួងពាក់ព័ន្ធនិងទទួលខុសត្រូវណាមួយ វែកមុខរកពួកឃាតករ និងពួកក្រុមមេឃាតករឈាមថោក នរកអវិចីអស់ទាំងនោះឃើញ ហើយផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ! តើឯណាទៅយុត្តិធម៌សម្រាប់មនុស្សបរិសុទ្ធស្លូតត្រង់ដូចជាអ្នកម្ដាយនាងខ្ញុំ រូបនាងខ្ញុំ និងក្រុមគ្រួសារនាងខ្ញុំនោះ?»។
កញ្ញាទូច ស៊ុននិច សរសេរបន្តថា «សូមសម្ដេចហ៊ុន សែន ជួយរកយុត្តិធម៌ វែកមុខរកពួកក្រុមឃាតករ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ឲ្យអ្នកម្ដាយនាងខ្ញុំ និងរូបនាងខ្ញុំ ព្រមទាំងក្រុមគ្រួសារនាងខ្ញុំ បានទទួលយុត្តិធម៌ពិតផង»។
គួររំឭកថា កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ មានករណីបាញ់ប្រហារមួយ បានកើតឡើងនៅចំណុចហាងលក់ផ្កាមួយកន្លែង ស្ថិតនៅផ្លូវព្រះមុនីរ៉េត ខាងត្បូងផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យតារាចម្រៀងល្បីឈ្មោះ និងជាសាស្រ្តាចារ្យអក្សរសាស្ត្រខ្មែរ មួយរូប គឺកញ្ញាទូច ស៊ុននិច រងរបួសយ៉ាងធ្ងន់ ចំណែកអ្នកម្តាយរបស់កញ្ញា ក៏រងរបួសធ្ងន់ដូចគ្នា ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗដែរ តែដោយសារស្ថានភាពរបួសធ្ងន់ពេក ម្តាយរបស់កញ្ញា បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តង។ រីឯរូបកញ្ញា ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសថៃ មុននឹងមានការជួយពីអាណិកជនខ្មែរនៅសហរដ្ឋអាមេរិក បញ្ជូនទៅព្យាបាលបន្តនៅសហរដ្ឋអាមេរិក និងបានស្នាក់នៅជាអចិន្ត្រៃយ៍នៅទីនោះ ជាមួយក្រុមគ្រួសារ មានលោកឪពុក និងប្អូនៗនាង មកទល់សព្វថ្ងៃ។ ប៉ុន្តែគួរឲ្យសោកស្តាយ ដោយសារតែខ្មាន់កាំភ្លើងបាញ់ប្រហារចំណុចគ្រោះថ្នាក់ធ្ងន់ពេក ទោះបីជាបច្ចេកទេសពេទ្យរបស់សហរដ្ឋអាមេរិក ទំនើបយ៉ាងណា ក៏បានត្រឹមសង្គ្រោះជីវិតតារាចម្រៀងបញ្ញវន្តរូបនេះបាន តែមិនអាចជួយឲ្យនាងអាចឈរ ឬដើរបានឡើយ ដោយសព្វថ្ងៃតារាចម្រៀងអភ័ព្វរូបនេះ ស្ថិតក្នុងពិការភាព មិនអាចកម្រើករាងកាយកំណាត់ក្រោមបានទេ មិនខុសពីតារាចម្រៀងអភ័ព្វមួយរូបទៀត ដែលរងគ្រោះដោយការបាញ់ប្រហាពីខ្មាន់កាំភ្លើងដូចគ្នា គឺកញ្ញា ពៅ បញ្ញាពេជ្រ៕ ខៀវទុំ