Monday, September 23, 2024
Homeព័ត៌មានជាតិបង្ក្រាបដល់បាតទឹក ដេញជើងក្រុមបទល្មើសនេសាទ

បង្ក្រាបដល់បាតទឹក ដេញជើងក្រុមបទល្មើសនេសាទ

ខេត្តបាត់ដំបង ៖ ដើម្បីតាមឱ្យទាន់ល្បិចកលរបស់ជនល្មើស ដែលព្យាយាមទាញពន្លិចឧបករណ៍នេសាទ (ស្បៃមង) ខុសច្បាប់ទៅក្នុងទឹកជ្រៅ ចៀសវាងកុំឱ្យសមត្ថកិច្ចឃើញ និងបង្ក្រាបបាន ពេលនេះកម្លាំងចម្រុះរបស់ស្រុកឯកភ្នំ បានប្រើកម្លាំងជំនាញមុជទឹក តាមបង្ក្រាប បទល្មើសនានាដល់បាតទឹក នៅតាមតំបន់នានាដែលសង្ស័យថាមានបង្កប់នូវឧបករណ៍នេសាទខុសច្បាប់ រហូតរកឃើញឧបករណ៍ល្មើសច្បាប់ (ស្បៃមង) រាប់រយម៉ែត្រ។

តាមប្រភពពីមន្ត្រីស្រុកឯកភ្នំ បានឱ្យដឹងថា ការមុជទឹកបង្ក្រាបបទល្មើសដល់បាតដីនេះ គឺជាកិច្ចប្រតិបត្តិការលើកទី២ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ របស់កម្លាំងចម្រុះនៃគណបញ្ជាការកងឯកភាពស្រុកឯកភ្នំ ដែលចុះបង្ក្រាបកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយមន្ត្រីជលផលសង្កាត់ព្រែកទាល់ សហការជាមួយអាជ្ញាធរដែនដី នៅក្នុងភូមិសាស្ត្រឃុំព្រែកទាល់ និងឃុំព្រែកហ្លូង ស្រុកឯកភ្នំ។

ប្រភពដដែលបន្តថា កិច្ចប្រតិបត្តិការលើកនេះ កម្លាំងជំនាញបានព្យាយាមមុជទឹករាវរកនៅតាមតំបន់នានាដែលសង្ស័យថា មានបង្កប់នូវឧបករណ៍នេសាទល្មើសច្បាប់ ដែលជនល្មើសបានទាញពន្លិចមិនឱ្យសមត្ថកិច្ចមើលឃើញ នៅពេលដឹងថា មានកម្លាំងចម្រុះចុះបង្ក្រាប។

គួរបញ្ជាក់ថា ការចុះបង្ក្រាបកន្លងមក សមត្ថកិច្ចហាក់ជួបការលំបាកច្រើនក្នុងការរុករកបទល្មើសធំៗ បង្ក្រាបបានតែបទល្មើសរបស់ប្រជានេសាទតូចតាច តែបទល្មើសដែលមានទ្រង់ទ្រាយធំដុំរបស់ជនល្មើសមានលុយ មានអំណាច មានខ្សែធំៗ សមត្ថកិច្ចរកមិនឃើញទេ។ ពេលខ្លះពួកជនល្មើសធំៗទាំងនោះ ទាញឧបករណ៍ពន្លិចក្នុងទឹក មុនពេលសមត្ថកិច្ចចុះទៅដល់ ព្រោះពួកគេមានកម្លាំងបង្កប់ផ្តល់សញ្ញាជាមុន។ ដោយសារតែបែបនេះហើយ ទើបពេលនេះក្រុមអ្នកបង្ក្រាបបានប្រើប្រាស់កម្លាំងជំនាញមុជទឹក តាមបង្ក្រាបបទល្មើសនេះដល់បាតទឹក ថែមទាំងរឹបអូសបានឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀតផង។

កិច្ចប្រតិបត្តិការដ៏លំបាកលើកនេះ កម្លាំងចម្រុះរបស់ស្រុកឯកភ្នំ បានរឹបអូសឧបករណ៍ល្មើសច្បាប់ នៅលើទឹកផង និងរឹបអូសបានពីបាតទឹកផង រួមមានសាច់អួនក្រឡាញឹក ប្រវែង៧៥០ម៉ែត្រ និងឡុកសម្រាប់ចាប់ត្រី ចំនួន០២។

ឧបករណ៍ល្មើសច្បាប់ទាំងនេះ ត្រូវកម្លាំងចម្រុះប្រមូលដុតកម្ទេចចោលនៅលើផ្ទៃទន្លេសាបភ្លាមៗតែម្តង ខណៈដែលសមត្ថកិច្ចរកមិនឃើញជនណាម្នាក់ដែលជាម្ចាស់បទល្មើសទេ៕

RELATED ARTICLES