Monday, September 23, 2024
Homeព័ត៌មានជាតិផឹកស្រាអត់ស៊ីបាយ ដើរដួលស្លាប់

ផឹកស្រាអត់ស៊ីបាយ ដើរដួលស្លាប់

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ តែងផឹកស្រាស្រវឹងជាប្រចាំ និងមិនសូវនឹកនារឿងបាយទឹកនោះទេ ហើយចេះតែធ្វើ ការងារទាំងស្រវឹងជោក រហូតចុងក្រោយ ចេញពីធ្វើការ បានដើរដួលស្លាប់ ផ្អើលដល់មិត្តភក្តិរួមការងារ ប្រញាប់ដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលយឺតពេលទៅហើយ។

ករណីនេះ បានកើតឡីង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខការដ្ឋានសំណង់ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើ មានឈ្មោះប៉ម តន អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិពពាយ ឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីមេការ ជនជាតិវៀតណាមម្នាក់ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ និងមិនសូវហូបបាយទឹកនោះទេ ជារៀងរាល់ថ្ងៃ ជនរងគ្រោះធ្វើការទាំងស្រវឹងជោក។ នៅមុនពេលកើតហេតុ នៅពេលព្រឹក គាត់បានដឹកជនរងគ្រោះ មកធ្វើការនៅក្នុងការដ្ឋានសំណង់ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដូចសព្វដង ដោយជនរងគ្រោះធ្វើការទាំងសភាពស្រវឹងនៅពេលថ្ងៃ ហើយជនរងគ្រោះ មិនបានហូបបាយនោះទេ លុះដល់ម៉ោងចេញពីធ្វើការ ជនរងគ្រោះបានដើរដួលសន្លប់ និងនៅមានដង្ហើមតិចៗ ពេលនោះក្រុមកម្មករសំណង់ផ្សេងទៀត ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ២៤ម៉ោង ផ្សារព្រៃទា តែពេលដឹកទៅដល់ ក្រុមគ្រូពេទ្យឯកជនខាងលើ មិនទទួល ទើបដឹកជនរងគ្រោះមកមុខការដ្ឋានសំណង់វិញភ្លាមៗ។

ប្រភពព័ត៌មានដដែល បានបន្តទៀតថា ខណៈពេលនាំជនរងគ្រោះមកដល់មុខការដ្ឋានសំណង់វិញ មេការសំណង់បានទាក់ទងទៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ មកដឹកដែរ តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយេកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយខ្យល់គរ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម៕

RELATED ARTICLES