Monday, September 23, 2024
Homeព័ត៌មានជាតិគ្រូកីឡាញៀនថ្នាំ វ៉ៃប៉ូលិសពកក្បាល

គ្រូកីឡាញៀនថ្នាំ វ៉ៃប៉ូលិសពកក្បាល

ខេត្តសៀមរាប ៖ បុរស ២នាក់ ជិះម៉ូតូជិតគ្នា ប៉ះគ្នាតិចតួច បែរជាផ្ទុះជម្លោះ ឈានដល់អំពើហិង្សា ដោយភាគីម្ខាងជា គ្រូកីឡា ខឹងសម្បាខ្លាំងពេក ទាញមួកការពារសុវត្ថិភាព វាយគូទំនាស់របស់ខ្លួនដែលជាមន្ត្រីនគរបាល ចំថ្ងាស បណ្តាលឱ្យពកក្បាល រងរបួសយ៉ាងដំណំ លុះសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនិងពិនិត្យទឹកនោម ឃើញថាជនសង្ស័យជាគ្រូកីឡានោះ មានផ្ទុកសារធាតុញៀនក្នុងខ្លួន។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាមោ់ង ១១និង១០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅចំណុច ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ជនបង្កហេតុដែលវាយគូទំនាស់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ៉ាន ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្រូកីឡា។ ចំណែកជនរងគ្រោះ មានឈ្មោះជឹង ឧត្តមរាជ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីនគរបាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីអំពើហិង្សាមួយ បានកើតឡើងនៅចំណុចខាងលើ ទើបប្រញាប់ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ។ ពេលចុះទៅដល់ សមត្ថកិច្ចក៏បានឃើញឈ្មោះជឹង ឧត្តមរាជ រងរបួស (ពកក្បាល) ដោយត្រូវឈ្មោះរ៉ាន ចំរើន វាយ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះរ៉ាន ចំរើន មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះរ៉ាន ចំរើន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកមួកការពារសុវត្ថិភាព វាយទៅលើជនរងគ្រោះឈ្មោះ ជឹង ឧត្តមរាជ បណ្តាលឱ្យពកក្បាល ប្រាកដមែន មូលហេតុដោយសារខឹងជនរងគ្រោះ ជិះម៉ូតូមកប៉ះម៉ូតូរបស់ខ្លួន។

បន្ទាប់មក សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ លទ្ធផលវិជ្ផមាន (ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន)។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES