ខេត្តកោះកុង ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៌ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ តាមដីការបស់តុលាការ ពាក់ព័ន្ធទៅនឹងករណីឆបោក។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះឌឿន សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរគ្មាន មានលំនៅបច្ចុប្បន្ន ស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ៤៣៣ អ.យ.ក របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក តាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។
មុខសញ្ញាសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរកឃើញនៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនសង្ស័យ ត្រូវបានប្រគល់ឲ្យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនីតិវិធី៕