ភ្នំពេញ៖តារាច្រៀង២ដួងមកពីផលិតកម្មផ្សេងគ្នាគឺលោកឆឹម សក្កដា របស់ថោន និងលោកសុខ មេសា ហៅនាយចឺម របស់សាន់ដេបានតាំងចិត្តស្របគ្នាថាពួកគេនឹងមិនយកប្រពន្ធជាតារាដូចគ្នានោះទេនាពេលខាងមុខនេះ។

តើមានរឿងអ្វីទៅបានជាបុរសរូបសង្ហារលោកឆឹម សក្កដា និងតារាពូកែថ្វីមាត់នាយចឺម ដែលកន្លងមករកបានសង្សារសុទ្ធតែតារាស្រីស្អាតៗនោះបែជាដាក់ល័ក្ខខណ្ឌផ្ទាល់ខ្លួនរឿងរៀបការប្រពន្ធជាអ្នកនៅក្រៅសិល្បៈដូចគ្នាបែបនេះទៅវិញ?

លោកឆឹម សក្កដា បានតាំងចិត្តបែបនេះក្រោយពីលោកបានចែកផ្លូវគ្នាជាមួយអ្នកមេម៉ាយពេជ្រ សោភា កាលពីចុងឆ្នាំ២០២១ ហើយមកដល់ឥឡូវលោកហាក់ខ្លាចរឿងស្នេហាព្រោះកំពុងផ្អែមល្ហែមគ្នាសុខៗក៍បាយបាយ ទើបលោកសច្ចារ្យប្រាប់អ្នកយកព័តមានយើងថាសម្រាប់គូជីវិតលើកក្រោយនេះគឺដាច់ខាត១០០% លោកនឹងមិនយកប្រពន្ធជាតារាសារជាថ្មីទៀតឡើយ។តែលោកសក្កដា មិនប្រាប់ទេថាតើអនាគតភរិយាដែលលោកត្រៀមដឹកដៃចូលរោងការជាក្រមុំខេត្តណា ហើយរៀបការនៅពេលណាឡើយ។

ចំពោះលោកសុខ មេសា ហៅនាយចឺម វិញបានថ្លែងប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថានាយ នឹងរៀបការប្រពន្ធជាអ្នកមិនមែនជាតារានោះទេ ព្រោះនាយយល់ថាបើយកតារាទៀតប្រាកដជាមិនគង់វង្សឡើយ។ការកំណត់គោលដៅជីវិតរបស់នាយចឺម បែបនេះក្រោយពីនាយ ភ្លាត់ស្នៀតរបូតសង្សារអស់ម្ដងដល់ទៅ៤ដួងហើយសុទ្ធតែជាស្រីស្អាតៗក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច,ហ្វា ហ្វា ហៅស្រីយី និងអ្នកមេម៉ាយសេង សុខឃីម ។នាយចឺម ថានាយចង់រៀបការនៅអាយុ២៩ឆ្នាំ ពោលគឺនៅឆ្នាំ២០២៤ ខាងមុខនេះតែនាងថានារីដែលមិនមែនជាតារារូបនោះគឺនាយកំពុងតែស្វែងរកមិនទាន់បានជួបប្រទះភ្នែកឡើយ។

ទស្សនិនជនយល់ថាទាំងសិស្សច្បងឆឹម សក្កដា និងសិស្សប្អូននាយចឺម ប្រហែលជាឈឺចុកចាប់ពេកហើយមើលទៅបានជាសន្មត់ថាលែងត្រូវការសង្សារឬប្រពន្ធជាតារាដូចគ្នាបែបនេះទៀត។ប៉ុន្ដែគេចាំមើលថាតើលោកសក្កដា ឬនាយចឺម ជាអ្នករៀបការរកប្រពន្ធបានមុន?