Monday, January 20, 2025
Homeព័ត៌មានជាតិកូនប្រុសគំរាមសម្លាប់ម៉ែ ដេញចេញពីផ្ទះ

កូនប្រុសគំរាមសម្លាប់ម៉ែ ដេញចេញពីផ្ទះ

ខេត្តកណ្តាល ៖ កូនប្រុសចិត្តកំណាចម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានទាញដំបង និងកាំបិត គំរាមសម្លាប់ម្តាយបង្កើតខ្លួនឯងចោល និងថែមទាំងបណ្តេញម្តាយ ចេញពីផ្ទះទៀតផង លុះក្រោយមក បានលីកាំបិតផ្គាក់ ដើរទៅអុកឡុកអ្នកជិតខាង ដោយវាយបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជិតខាងអស់មួយចំនួន ទីបំផុតត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់ ។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសគំរាមសម្លាប់ម្តាយបង្កើតខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ។

មន្ត្រីនគរបាលស្រុកពញាឮ បានឱ្យដឹងថា ជនរងគ្រោះ មានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះសុខ ឡេង  ភេទស្រី អាយុ៨៣ឆ្នាំ មុខរបរនៅផ្ទះ (ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ)។ ទី២-ឈ្មោះជួន អេត ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ (ជាអ្នកជិតខាង) និងទី៣-ឈ្មោះឃិន ថានុន  ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (ជាអ្នកជិតខាង)។ ជនរងគ្រោះទាំង៣នាក់ មានលំនៅ ភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌឹម សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ។ រីឯវត្ថុតាងចាប់យក កាំបិតផ្គាក់ផ្លែដែក ដងធ្វើពីឫស្សី ប្រវែង៥០សង់ទីម៉ែត្រ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២២ ជនសង្ស័យឈ្មោះឌឹម សុភ័ក្រ បានផឹកស្រាស្រវឹង ហើយបានកាន់ដំបងឫស្សី និងកាំបិត គំរាមសម្លាប់ម្តាយបង្កើតខ្លួនឯង ឈ្មោះសុខ ឡេង អាយុ៨៣ឆ្នាំ ព្រមទាំងបណ្តេញម្តាយឱ្យចេញពីផ្ទះទៀត ផង រួចហើយជនសង្ស័យបានវាយបំផ្លាញចានឆ្នាំង ពាងទឹក និងកាំជណ្តើរផ្ទះ បណ្តាលឱ្យរងការខូចខាតថែមទៀត។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាម្តាយ បានរាយការណ៍ប្តឹងនគរបាលប៉ុស្តិ៍កោះចិន ឱ្យជួយអន្តរាគមន៍ និងកោះហៅជនសង្ស័យឈ្មោះ ឌឹម សុភ័ក្រ ទៅសាកសួរ និងធ្វើកិច្ចសន្យា អប់រំ នៅប៉ុស្តិ៍ ចំនួន១លើករួចមកហើយ។ ស្រាប់តែមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះឌឹម សុភ័ក្រ បានផឹកស្រាស្រវឹង ហើយបានកាន់កាំបិតផ្គាក់ ចូលទៅក្នុងផ្ទះជនរងគ្រោះឈ្មោះឃិន ថានុន ភេទប្រុស អាយុ១៥ឆ្នាំ រួចធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់កែងដាក់កូនប៊ីយ៉ា និងកាប់ដងកឺ សម្រាប់បុកប៊ីយ៉ា បណ្តាលឱ្យខូចខាត។ បន្ទាប់មក ជនសង្ស័យឈ្មោះឌឹម សុភ័ក្រ បានកាន់កាំបិតផ្គាក់ដេញកាប់ជនរងគ្រោះឈ្មោះឃិន ថានុន  ថែមទៀតផង ក្នុងពេលនោះដែរ ជនរងគ្រោះឈ្មោះ ឃិន ថានុន បានរត់មកឱ្យកម្លាំងប្រជាការពារភូមិជួយ។ បន្ទាប់មក ជនសង្ស័យឈ្មោះឌឹម សុភ័ក្រ បានកាន់កាំបិតផ្គាក់ ដើរសំដៅមកផ្ទះជនរងគ្រោះម្នាក់ទៀត ឈ្មោះជួន អេត ហើយបានយកកាំបិតផ្គាក់កាប់សសរផ្ទះជនរងគ្រោះ និងយកកាំបិតកាប់ខ្សែចងនំ កន្លែងជនរងគ្រោះលក់ដូរ បណ្តាលឱ្យខូចខាតថែមទៀតផង។    បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានលីកាំបិតផ្គាក់ដើរតាមផ្លូវភូមិ ទៅទិសខាងកើតបាត់ទៅ លុះបានប្រហែលមួយសន្ទុះក្រោយមក ជនសង្ស័យបានកាន់កាំបិតផ្គាក់ ត្រឡប់មកកន្លែងជនរងគ្រោះលក់ដូរវិញ។ ឃើញដូច្នេះ ជនរងគ្រោះឈ្មោះជួន អេត បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញ បានចុះទៅកន្លែងកើតហេតុ និងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES