ភ្នំពេញ៖កាលពីពាក់កណ្ដាលឆ្នាំ២០២១ តន់ ច័ន្ទសីម៉ា បានធ្វើឲ្យអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីជាច្រើនឈឺក្បាលព្រោះតែតម្លៃខ្លួននាងត្រូវបានអ្នកគ្រប់គ្រងផលិតកម្មGalaxy កំណត់ច្រៀងConcerts ធំ១កម្មវិធីស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ ដែលតម្លៃនោះត្រូវបានគេចាត់ទុកថាថ្លៃជាងគេឬស្មើពេជ្រ សោភា ច្រៀងឲ្យលោកស្រីទ្រី ដាណា ម្ដងដែរ។ប៉ុន្ដែសីម៉ា បានធ្លាក់មកលេខ២វិញក្រោយលោកខែម ប៊ុនថៃ ចេញវីដេអូកាលពីដើមខែមីនា ឆ្នាំ២០២២ ថាច្រៀង១កម្មវិធីត្រឹមតែ៦បទបាន១ម៉ឺនដុល្លារ។យ៉ាងណាថ្មីៗនេះតាមព័តមានពីអ្នកដឹកនាំកម្មវិធីប្រគុំតន្ត្រីម្នាក់បង្ហើបឲ្យដឹងថាថ្លៃខ្លួនរបស់សីម៉ា នៅក្រោមតារារ៉េប ២ដួងទៀតគឺលោកវណ្ណដា និងងួន ចាន់ដេវីត ព្រោះអ្នកលេងម៉ូដសាក់ទាំងពីរនេះឡើងថ្លៃកាន់តែខ្ពស់នារយៈពេលចុងក្រោយនេះ។ប្រភពបានឲ្យដឹងថាលោកវណ្ណាដា និងអនាគតស្វាមីនាងទេព បូព្រឹក្ស លោកងួន ចាន់ដេវីត ត្រូវគេអះអាងថាឡើងថ្លៃជាងសីម៉ា ព្រមគ្នានៅចុងឆ្នាំ២០២២ នេះ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកវណ្ណដា ដើម្បីសួរនាំពីការឡើងថ្លៃខ្លួនខ្ពស់ជាងនាងតន់ ច័ន្ទសីម៉ា ទៅទៀតនោះ តែត្រូវបុរសម្នាក់លើកជំនួសដោយអះអាងថាជាអ្នកគ្រប់គ្រងតារាខាងលើតែថាមិនអាចនិយាយរឿងតម្លៃខ្លួនបានទេ ព្រោះនោះជាគោលការណ៍ក្រុមហ៊ុន។ដោយឡែកលោកងួន ចាន់ដេវីត មិនទាន់អាចទាក់ទងបានទេ។

សម្រាប់តន់ ច័ន្ទសីម៉ា វិញក្រោយនាងលែងច្រៀងនៅហាងនាពេលរាត្រីហើយឡើងកូដដូចផ្លេកបន្ទោនារយៈពេលចុងក្រោយនេះទូរស័ព្ទនាងមិនអាចទាក់ទងបានទេឬមានពេលខ្លះតេចូលគ្មានអ្នកលើក។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះត្រូវបានអ្នកជំនាញសិល្បៈចាត់ទុកថានាងជាតារាមានឥទ្ធិពលនាយុគសម័យថ្មី តែមិនអាចយកនាងទៅប្រៀបធៀបជាមួយឱក សុគន្ធកញ្ញា ឬមាស សុខសោភា ដែលជាតារារៀមច្បងបានសាងស្នាដៃជាច្រើនមកហើយក្នុងសិល្បៈនោះបានទេ។

គូរបញ្ជាក់ថាក្រោយតន់ ច័ន្ទសីម៉ា កំណត់តម្លៃខ្លួនដែលត្រូវអ្នករៀបចំកម្មវិធីប្រគុំតន្រ្ដីហៅថាថ្លៃខ្ពស់កប់ពពកនោះមកនាងបាត់បង់ឱកាសស្ទើតែទាំងស្រុងក្នុងការឡើងច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីនៅប៉ុស្ដិ៍ទូរទស្សន៍ទាំងឡាយ បើទោះជាកន្លងមកអតីតអ្នកគ្រប់គ្រងGalaxy លោកយឹម តាស្រង់ ធ្លាប់អះអាងថាសីម៉ា ច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍មានតម្លៃខ្លួនត្រឹមតែចន្លោះពី១ទៅ២ពាន់ដុល្លារក្ដី។តែអ្នកដឹកនាំកម្មវិធីសិល្បៈនៅតែចាត់ទុកថាបើហៅរូបនាងម្នាក់ស្មើតារាធម្មតាៗ៥នាក់ឯណ្ណោះទើបគ្មានលទ្ធភាពជួល។

តន់ ច័ន្ទសីម៉ា អាយុ២៥ឆ្នាំបានវ៉ាតារាដែលមានគីឡូប្រហាក់ប្រហែលគ្នារាបអស់ក្រោយនាងក្លាយទៅជាតួឯករបស់Galaxy បន្ទាប់ពីមានឱកាសចាប់ដៃជាមួយលោកឧកញ៉ាព្រាប សុវត្ថិ និងអតីតតារាថោនលោកខេម ។សីម៉ា តែម្នាក់ត្រូវបានតារាប្រុសទាំងពីរជួយរុញឲ្យទៅមុខជាបន្ដបន្ទាប់ ខណៈដែលមុននេះនាងស្ទើតែរកបានដៃគូទី៣ទៅហើយនោះគឺម្ចាស់ពាន The Voice Cambodia រដូវកាលទី១លោកប៊ុត សីហា តែចុងក្រោយអតីតតារាហង្សមាសរូបនោះបានច្រានចោលការចូលជ្រកនៅGalaxy ជាលើកទី២ទៅវិញ។អ្នកជំនាញសិល្បៈបានឲ្យដឹងទៀតថាក្នុងករណីដែលGalaxy នៅតែមិនទិញតារាស្រីជើងខ្លាំងផ្សេងៗទៀតមកចាប់ដៃជាមួយលោកព្រាប សុវត្ថិ និងខេម ទេនោះសីម៉ា នៅតែជាតួឯកតទៅទៀតក្រោយពីមាស សុខសោភា និងពេជ្រ សោភា មិនចាប់អារម្មណ៍ទៅផលិតកម្មថ្មី តែចាយលុយធំនេះកាលពីខែកញ្ញាឆ្នាំ២០២០។

អ្វីដែលគូរឲ្យកត់សម្គាល់នៅពេលដែលច័ន្ទសីម៉ា ឡើងកូដកាន់តែខ្លាំងនេះរូបសម្រស់របស់នាងក៍ប្រែប្រួលប្លែកទៅៗផងដែរ ក្រោយស្រីស្រស់បានសារភាពបានកែច្រមុះ,ចាក់ចង្ការ និងពត់ធ្មេញ។ប៉ុន្ដែរឿងបេះដូងវិញសីម៉ា តែងតែប្រាប់អ្នកកាសែត និងFan នាងថាមិនទាន់មានម្ចាស់ចិត្តឡើយ ស្របពេលដំណឹងថានាងត្រូវលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហានោះបានស្ងប់ស្ងាត់ទៅវិញនារយៈពេលចុងក្រោយនេះ ហើយគេឃើញសីម៉ា មានម្ដាយតាមការពារគ្រប់ពេលវេលាតែម្ដង៕