ភ្នំពេញ៖ស្រីស្រស់យូរី បានក្លាយទៅជាតារាលេងក្បាច់រាំសាហាវម្នាក់នៅហង្សមាសដែលអាចជំនួសនាងទេព បូព្រឹក្ស បានហើយតម្លៃខ្លួននាងត្រដុំត្រសងជាមួយនាងរ៉េត ស៊ូហ្សាណា ដែរពោលគឺច្រៀង១កម្មវិធីស៊ីថ្លៃជិត២ពាន់ដុល្លារ គឺឡើងថ្លៃ១ជា២បើប្រៀបធៀបនាងនៅទ្រនុំចាស់។យ៉ាងណាយូរី ហាក់បង្ហាញភាពរីករាយតែនៅលើឆាកតន្រ្ដីប៉ុណ្ណោះ ព្រោះនៅក្រៅឆាកនាងច្រើនតែក្រៀមក្រំដោយសារតែខ្វះកំដៅបេះដូងក្រោយនាងចែកផ្លូវជាមួយលោកថៅកែជា នី ជាង១ឆ្នាំមក នាងទៅណាមកណាលែងមានតៃកុងឡានផង អង្គរក្សផងដូចមុនទៀតហើយ។អ្នករួមអាជីពជាមួយយូរី ថាស្រីស្អាតយូរី ហាក់ដូចជាអភ័ព្វស្នេហ៍ព្រោះបុរសជាច្រើនរងចាំចម្លើយស្នេហ៍ពីនាងតែអតីតតារាសាន់ដេរូបនេះបែជាទុកចិត្តលោកនី ហើយចុងក្រោយក៍ចែកផ្លូវគ្នាទាំងចម្រូងចម្រាស សឹងមិនគូឲ្យជឿរ។ពួកគេលើកឡើងថាយូរី មិនដែលនិយាយរឿងខកស្នេហ៍ថៅកែនោះឲ្យមិត្តរួមអាជីពដឹងឡើយ តែពេលនេះនាងគិតតែពីប្រឹងសម្រុកច្រៀងរាំនិងបង្កើតក្បាច់រាំថ្មីចម្លែកៗថែមទៀត ដែលសកម្មភាពទាំងនោះធ្វើឲ្យនាងបំភ្លេចបានទុកស្នេហ៍ដែលញាំញីបេះដូងនាងឲ្យរងារឯកោ ព្រោះប៉ៈស្នេហ៍មិនសមបំណងជាបន្ដបន្ទាប់នេះ។

សូមរំលឹកថាយូរី បានប្រេះឆាស្នេហ៍៣លើកជាប់ៗគ្នាក្នុងនោះកាលពីឆ្នាំ២០១៨ នាងត្រូវអតីតគូស្នេហ៍លោករ៉េត រៀបការប្រពន្ធចោលនាង ខណៈដែលយូរី ក៍ងាកមកស្នេហ៍ស្និតបុរសរូបសង្ហារលោកប៊ីម៉ូ តែពួកគេក៍ឃ្លាតពីគ្នាទៅវិញរៀងៗខ្លួនអំឡុងពេលដែលយូរី នឹងថៅកែជា នី ស្អិតល្មូតគ្នា។យ៉ាងណាសម្រាប់តារាដែលមានសម្រស់សាច់សខ្ចីដូចជាយូរី នេះគេជឿរថាឲ្យតែនាងព្រមបើកបេះដូងទទួលយកគូស្នេហ៍ថ្មីភ្លាមនោះប្រាកដជារកបានម្ចាស់ចិត្តថ្មីភ្លែតតែម្ដង ព្រោះស្រីស្រស់រូបនេះក៍ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួនផងដែរ។

ថ្វីត្បិតតែយូរី មិនសូវមានរាសីស្នេហ៍ហើយពេលនេះធ្វើឲ្យនាងខ្លាចក្នុងការភ្ជាប់ស្នេហ៍ថ្មីមែន ប៉ុន្ដែអាជីពសិល្បៈរបស់នាងនៅតែស្ថិតក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យនាពេលបច្ចុប្បន្ននេះ ហើយនាងធ្លាប់ប្រាប់ថានឹងត្រៀមខ្លួនថតសម្ដែងភាពយន្ដនាពេលខាងមុខនេះទៀតផង។គេចាំមើលថាតើបុរសណាទៅដែលយូរី នឹងជ្រើសធ្វើជាម្ចាស់បេះដូងថ្មីដើម្បីកប់ដានស្នេហ៍ចាស់ខាងលើ ខណៈដែលក្រៅពីប្រុសៗក្នុងស្រុកអ្នកចម្រៀងលេងក្បាច់រាំរូបនេះក៍មានអាណិកជនខ្មែរនៅបរទេសតាមថ្ពក់បេះដូងផងដែរ៕

