Saturday, September 21, 2024
Homeព័ត៌មានជាតិបើកកង់បី កៀរផ្តួលម៉ូតូចោរឆក់ វ៉ៃខ្នោះ២នាក់

បើកកង់បី កៀរផ្តួលម៉ូតូចោរឆក់ វ៉ៃខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នកដំណើរតាមផ្លូវបានសម្រេច តែត្រូវអ្នកបើកម៉ូតូ កង់បីដឹក ជនរងគ្រោះ បើកកៀរផ្តួលម៉ូតូជនសង្ស័យបណ្តាលឱ្យដួល២គ្រឿង ហើយភ្លាមនោះ ក៏ត្រូវសមត្ថកិច្ចកំពុងល្បាត ប្រទះឃើញចុះឃាត់ខ្លួន បានចំនួន២នាក់ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់អស់។

ករណីនេះ បានកើតឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១០៥ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិកូរ៉េ មុខរបរនៅផ្ទះ ស្នាក់នៅខុនដូកាំកូស៊ីធី សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះលី អាល់រីហ្វីន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ និងទី២-ឈ្មោះម៉ាន ហាហ្វីស៊ីន អាយុ២៣ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ចំណែកសម្ភារៈដកហូតរួមមាន ទូរស័ព្ទចំនួន១គ្រឿង ម៉ាក iPhone 13 (ជារបស់ជនរងគ្រោះបានប្រគល់ជូន ជនរងគ្រោះវិញ)។ ម៉ូតូហុងដា SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IL-7474 (របស់ជនសង្ស័យឈ្មោះលី អាល់រីហ្វីន)។ និងម៉ូតូម៉ាក ហុងដា SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-0994 (របស់ជនសង្ស័យឈ្មោះម៉ាន ហាហ្វីស៊ីន)។

លោកអធិការ បានឱ្យដឹងទៀតថា នៅម៉ោងកើតហេតុ ជនរងគ្រោះបានធ្វើដំណើរតាមម៉ូតូកង់បី១គ្រឿង ដោយអង្គុយចុចទូរស័ព្ទបណ្តើរ ស្រាប់តែភ្លាមនោះ ក៏លេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានធ្វើឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែភ្លាមនោះត្រូវបាន អ្នកបើកម៉ូតូកង់បី កៀរផ្តួលម៉ូតូជនសង្ស័យ បណ្តាលឱ្យដួល ហើយស្របពេលនោះ សមត្ថកិច្ចល្បាតមកដល់ ក៏ធ្វើការឃាត់បានជនសង្ស័យ បានចំនួន២នាក់ នាំមកកាន់ប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ដើម្បីសួរនាំ ចំណែក២នាក់ទៀតជិះគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងរបស់ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។/

RELATED ARTICLES