Monday, September 23, 2024
Homeព័ត៌មានជាតិរៀលកៃកាំភ្លើង ធ្លាយប្លោកនោមស្លាប់

រៀលកៃកាំភ្លើង ធ្លាយប្លោកនោមស្លាប់

ខេត្តសៀមរាប ៖ បុរសម្នាក់ បានស្ពាយកាំភ្លើងច្នៃ (កាំភ្លើងឆ្នុក) បំណងចេញទៅរកបាញ់សត្វ ស្រាប់តែអកុសល ខ្វះការប្រុងប្រយ័ត្ន  ធ្វើឱ្យរៀលកៃ បណ្តាលឱ្យគ្រាប់កាំភ្លើងច្នៃ ត្រូវចំប្លោកនោម រងរបួសធ្ងន់ និងត្រូវបានអ្នកភូមិដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ តែអកុសល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបបុរសរងគ្រោះ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី។

ជនរងគ្រោះ មានឈ្មោះឃន់ ហុំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរស៊ីឈ្នួលឡើងដូង បច្ចុប្បន្នស្នាក់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី។

តាមសម្តីរបស់ឈ្មោះហេ មឿន ភេទស្រី អាយុ៤៥ឆ្នាំ និងឈ្មោះហ៊ាន សំបាន ភេទប្រុស អាយុ២៧ឆ្នាំ (អ្នកទាំង២ជាម្ចាស់ផ្ទះកន្លែង កើតហេតុ) បានបំភ្លឺប្រហាក់ប្រហែលគ្នាថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ពួកខ្លួនទាំង២កំពុងនៅផ្ទះ ស្រាប់តែជនរងគ្រោះឈ្មោះឃន់ ហុំ បានទៅដល់ផ្ទះរបស់ពួកគាត់ ដោយមានស្ពាយកាបូប១ និងកាន់អាវុធច្នៃ (កាំភ្លើងឆ្នុក) ដោយដៃម្ខាងកាន់កាំភ្លើង បែរចុងកាំភ្លើងទៅចំណុចពោះខ្លួនឯង ហើយទម្លាក់ចុះ ដោយកៃកាំភ្លើង ទៅបុកនឹងគ្រែ បណ្តាលឱ្យផ្ទុះត្រូវចំក្រោមផ្ចិត បណ្តាលឱ្យរបួសតែម្តង។ ភ្លាមៗនោះ ពួកគាត់ទាំងពីរក៏នាំគ្នាដឹកជនរងគ្រោះបញ្ជូនទៅមណ្ឌលសុខភាពបណ្តើរ និងទូរស័ព្ទប្រាប់ប្រពន្ធជនរងគ្រោះបណ្តើរ លុះដល់មណ្ឌលសុខភាពឃុនរាម ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។

ចំណែកស្ត្រីឈ្មោះម៉ាប់ ស្រីខ្មៅ អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ និងឈ្មោះឃន់ ហ៊ុន អាយុ៣២ឆ្នាំ ត្រូវជាបងប្រុសបង្កើតសព បានឱ្យដឹងប្រហាក់ប្រហែលគ្នាថា ជនរងគ្រោះឈ្មោះឃន់ ហុំ មានមុខរបរស៊ីឈ្នួលឡើងដូង កាប់ឈើ ដាក់អន្ទាក់សត្វ និងយកឃ្មុំ នៅក្នុងភូមិសាស្ត្រភ្នំស្រួច និងភ្នំគូលែន ស្រុកបន្ទាយស្រី ហើយរាល់ពេលទៅព្រៃម្តងៗ ជនរងគ្រោះតែងតែកាន់កាំភ្លើងឆ្នុករបស់គា់ត់ ទៅជាប់ជានិច្ច។ ជាក់ស្តែង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះបានចេញពីផ្ទះចំណុចភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ដោយបានយកកាំភ្លើងច្នៃ ទៅជាមួយផង ស្រាប់តែដល់ម៉ោង ១និង៣០នាទីរសៀល ថ្ងៃដដែល ក៏មានគេទូរស័ព្ទមកប្រាប់ថា ជនរងគ្រោះឈ្មោះ ឃន់ ហុំ របួសត្រូវគ្រាប់កាំភ្លើងច្នៃ (រៀលកៃដោយខ្លួនឯង) ហើយកំពុងត្រូវបានអ្នកភូមិជួយដឹកបញ្ជូនទៅមណ្ឌលសុខភាពឃុំត្បែង។ លុះពេលពួកគាត់ទាំងពីរទៅដល់មណ្ឌលសុខភាព ក្រុមគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ជុំវិញករណីនេះ ទាំងប្រពន្ធនិងបងប្រុសបង្កើតសព សុទ្ធតែបានទទួលស្គាល់ថា សពឈ្មោះឃន់ ហុំ ពិតជាស្លាប់ដោយសាររៀលកៃកាំភ្លើង (កាំភ្លើងឆ្នុក) បង្កឡើងដោយខ្លួនឯងប្រាកដមែន។

ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងអធិការស្រុកបន្ទាយស្រី បានចុះដល់កន្លែងកើតហេតុ ពិនិត្យសព និងស្រាវជ្រាវ រួចបញ្ជាក់ថា សពជនរងគ្រោះ មានស្នាមត្រូវគ្រាប់កាំភ្លើងច្នៃ លើប្លោកនោម ជម្រៅចូលទៅក្នុង ២,៣សង់ទីម៉ែត្រ ក្រៅពីនេះពុំមានស្លាកអ្វីទៀតនោះទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច  ដោយផ្នែកតាមលទ្ធផលកោសល្យវិច័យ និងការបំភ្លឺពីសាក្សីនានា បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររៀលកៃកាំភ្លើងច្នៃ ដោយខ្លួនឯង ត្រូវចំប្លោកនោម ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES