ភ្នំពេញ៖លោកខាន់ ជេមស៍ បានបើកផលិតកម្មផ្ទាល់ខ្លួនមានឈ្មោះថាKhan James Production ដែលគោលដៅនៃផលិតកម្មនេះគឺលោកច្រៀងជាមួយកូនប្រុសស្រីទាំង៤របស់លោកតែម្ដង ពោលគឺជាផលិតកម្មបែបលក្ខណៈគ្រួសារ។លោកជេមស៍ ថានោះគឺជាការត្រួសត្រាយផ្លូវមួយសម្រាប់កូនៗរបស់លោកដើម្បីឲ្យពួកគេបានបញ្ចេញសម្ថភាពបន្ដស្នងតំណែងពីលោកនាពេលខាងមុខ ហើយនេះជាបំណងរបស់លោកជាយូឆ្នាំមកហើយគឺទើបតែពេលនេះទើបបានសម្រេច។

អតីតតារាចម្រៀងRock លោកខាន់ ជេមស៍ ថ្លែងថាកូនៗរបស់លោកទាំង៤មានដុងសិល្បៈរៀងៗខ្លួនហើយក្នុងនោះមាន២នាក់អាចចាប់អាជីពចម្រៀងដូចលោក ខណៈ២រូបផ្សេងទៀតធ្វើជាតារាចម្រៀងរ៉េប។លោកថាការស្រលាញ់ផងរួមទាំងលោកសង្កេតឃើញថាតារាល្បីៗកន្លងមកមិនទាន់ឃើញមានអ្នកណាបើកផលិតកម្មផ្ទាល់ខ្លួនទើបលោកធ្វើនៅពេលនេះ ហើយទិសដៅនៃផលិតកម្មនេះគឺធ្វើបទចម្រៀងឲ្យកូនៗលោកច្រៀងឲ្យល្បីឈ្មោះសិន ទើបគិតរកតារាខាងក្រៅឲ្យចូលរួមជាមួយលោកដែរ។ម្ចាស់បទ”របាំចងស្នេហ៍”រូបនេះថាលោកបានប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយ ហេតុនេះយល់ថាពេលនេះគូតែដល់ពេលដែលអាចធ្វើផលិតកម្មដោយខ្លួនឯងបានហើយ។

ខាន់ ជេមស៍ រស់នៅជាមួយភរិយានិងកូនៗ៤នាក់យ៉ាងមានសុភមង្គលក្នុងនោះកូនទី១ស្រីឈ្មោះមករា លក្ខិណា ហៅអេមី ,កូនទី២ប្រុសឈ្មោះមករា សក្កដា ហៅដូរ៉ា ,កូនទី៣ប្រុសឈ្មោះមករា សីហា ហៅហ្គេត និងកូនទី៤ឈ្មោះមករា សាវីណា ។

សូមបញ្ជាក់ថាលោកខាន់ ជេមស៍ ធ្លាប់ច្រៀងនៅផលិតកម្មRock ដែលបទចម្រៀងរបស់លោកល្បីស្ទើគ្រប់បទតែម្ដង ហើយនៅពេលដែលផលិតកម្មចាស់បិទទ្វាលោកជេមស៍ ក៍មកច្រៀងឲ្យផលិតកម្មសាន់ដេកាលពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២២ ទើបផុតកុងត្រាហើយលោកក៍ចេញមកបើកផលិតខ្លួនឯងនាពេលនេះ។

លោកខាន់ ជេមស៍ បន្ថែមថាលោកសូមថ្លែងអំណរគុណដល់ចាងហ្វាងផលិតកម្មសាន់ដេលោកឡាយ សុខហុក និងលោកនាយកប្រតិបត្តិលោកឡាយ សុខចំរើន ដែលលោកទាំងពីរបានផ្ដល់ភាពកក់ក្ដៅ និងជម្រកដ៍ល្អដល់រូបលោកទាំងបទពិសោធន៍ និងមេរៀនជីវិតល្អៗ ហើយជ្រោមជ្រែងលោកតាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០២០ គឺមានរយៈពេល១០ឆ្នាំ។

អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់អ្នកយកព័តមានយើងនៅរសៀលថ្ងៃទី២៨ តុលា តែសុំមិនឲឲ្យដាក់ឈ្មោះនោះថាការបើកផលិតកម្មមិនមែនជារឿងងាយស្រួលហើយគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ ព្រោះត្រូវការធនធានមនុស្សនិងរចនាសម្ព័ន្ធច្បាស់លាស់ ហើយតាមលោកដឹងកន្លងមកលោកខែម ប៊ុនថៃ ក៍ធ្លាប់លេចឭថាចង់បើកផលិតកម្មដែរតែចុងក្រោយស្ងាត់ទៅវិញ ខណៈដែលលោកព្រាប សុវត្ថិ មានទ្រព្យធនគ្រប់គ្រាន់ហេតុអីលោកមិនបើកផលិតកម្មទៅ?យ៉ាងណាអ្នកជំនាញធ្វើភ្លេងរូបនោះអះអាងថាការដែលលោកខាន់ ជេមស៍ បើកផលិតកម្មផ្ទាល់ខ្លួននាពេលនេះបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់លោកជេមស៍ មួយកម្រិតទៀតដែលវិត្តន៍ខ្លួនពីតារាចម្រៀងមកជាថៅកែផលិតកម្មដោយខ្លួនឯង ហេតុនេះហើយក្នុងនាមជាអ្នកនៅក្នុងវិស័យសិល្បៈដូចគ្នាលោកមានតែជូនពរឲ្យលោកជេមស៍ រីកចម្រើនថែមទៀត។

ការចេញបើកផលិតកម្មរបស់លោកខាន់ ជេមស៍ នាពេលនេះស្របពេលដែលគេឃើញជីវភាពរបស់លោកចុងក្រោយនេះក៍វិវត្តន៍កាន់តែធូធាខ្លាំងផងដែរ ខណៈដែលមុននេះភរិយាលោកក៍បានបង្កើតមុខរបរផ្ទាល់ខ្លួនទៀតផងនោះគឺហាងលក់នំបញ្ចុក។គេជឿរថានៅពេលដែលមានបទចម្រៀងថ្មីៗចេញនោះលោកជេមស៍ នឹងឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីជាមួយកូនប្រុសស្រីរបស់លោកជាមិនខាន។

គូរបញ្ជាក់ថាក្រៅពីលោកខាន់ ជេមស៍ តារាដែលបណ្ដុះឲ្យកូនស្នងតំណែងពីខ្លួនក្នុងអាជីពសិល្បៈមានដូចជាលោកហួ ឡាវី,ព្រាប សុវត្ថិ ,ម៉េង កែវពេជ្ជតា ,ចន ច័ន្ទលក្ខិណា និងសារ៉ាយ សក្ខណា ជាដើម៕