Monday, September 23, 2024
Homeព័ត៌មានជាតិចោរកំពូលស៊យ លួចម៉ូតូបាន បណ្តើរជួប...

ចោរកំពូលស៊យ លួចម៉ូតូបាន បណ្តើរជួប…

ខេត្តកណ្តាល ៖ បុរសម្នាក់ បានដាក់ម៉ូតូនៅក្រោមផ្ទះ ដោយមិនបានចាក់សោឱ្យបានត្រឹមត្រូវនោះទេ រួចហើយក៏ដើរចេញទៅមើលអន្លង់ត្រី នៅឯវាលស្រែ ស្រាប់តែក្រោយមក លេចមុខជនសង្ស័យម្នាក់ បានចូលមកធ្វើសកម្មភាពលួចម៉ូតូបានសម្រេច និងព្យាយាមបណ្តើរគេច តែស៊យអី ម្ចាស់ម៉ូតូដើរមកពីស្រែវិញ ជួបនឹងជនសង្ស័យកំពុងបណ្តើរម៉ូតូរបស់ខ្លួន ក៏ស្រែកឆោឡោថា ចោរ!ៗ ផ្អើលដល់អ្នកភូមិ ដេញចាប់ក្របួចជនសង្ស័យជាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះវង កុសល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង ធា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្មី ឃុំក្បាលទឹកលើ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ រីឯវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន 9347179 ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 និងកូនសោម៉ូតូ ចំនួន១ (ជារបស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការងាររោងចក្រផលិតក្រដាស នៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ដោយជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដា ឌ្រីម ទៅដល់ផ្ទះ ក៏ចតម៉ូតូទុកនៅក្រោមផ្ទះ ដោយមិនបានចាក់សោ-កឡើយ បន្ទាប់មកជនរងគ្រោះបានដើរទៅមើលអន្លង់ត្រី នៅខាងលិចភូមិ។ លុះពេលត្រឡប់មកវិញ ជនរងគ្រោះដើរតាមផ្លូវ ក៏ជួបជនសង្ស័យកំពុងបណ្តើរម៉ូតូ ស្គាល់ច្បាស់ថាជាម៉ូតូរបស់ខ្លួន ក៏ស្រែកថាចោរ!ៗ ផ្អើលដល់អ្នកភូមិ ស្ទុះចេញជួយស្ទាក់ចាប់ជនសង្ស័យជាប់តែម្តង រួចទើបរាយការណ៍ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃពួច ឱ្យចុះមកអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារ បានទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ នាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បី សាកសួ និងបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះមែន។

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES