Friday, November 15, 2024
Homeព័ត៌មានជាតិចាប់ជំរិត ១៧ម៉ឺនដុល្លារ សម្លាប់បំបិទមាត់

ចាប់ជំរិត ១៧ម៉ឺនដុល្លារ សម្លាប់បំបិទមាត់

ខេត្តព្រះសីហនុ ៖ សំណុំរឿងចាប់ជំរិតជនជាតិចិន ដូចគ្នា យកប្រាក់ចំនួន ១៧ម៉ឺនដុល្លារ នៅចំណុចក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតនៅក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្រាវជ្រាវបំបែកបានដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនល្មើស ចំនួន៣នាក់ បញ្ជូនទៅតុលាការ ដកហូតលុយមកវិញបាន ១០ម៉ឺនដុល្លារ ប៉ុន្តែអកុសល ជនរងគ្រោះត្រូវបានក្រុមជនដៃដល់សម្លាប់បាត់ទៅហើយ។

ប្រតិបត្តិការស្រាវជ្រាវនេះ ធ្វើឡើងជាបន្តបន្ទាប់ពេញមួយសប្តាហ៍ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តព្រះសីហន្បុ ខេត្តតាកែវ និងព្រះរាជអាជ្ញារាជធានីភ្នំពេញ ព្រមទាំងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលដឹកនាំប្រតិបត្តិការនេះដោយផ្ទាល់ បានបញ្ជាក់ ប់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ការិយាល័យជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ស្តីពីការបាត់ប្តីរបស់ខ្លួន ឈ្មោះ NAN X ING ជនជាតិចិន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតនៅក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយពីទទួលពាក្យបណ្តឹង ដោយមានការសម្របសម្រួលនីតិវិធីពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងការិយាល័យជំនាញ បានបើកការស្រាវជ្រាវ ចុះទៅដល់ទីតាំងខាងលើ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ទី១-ឈ្មោះ Liang Jing អាយុ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេខ្លោង) និងទី២-ឈ្មោះ Wang Xudong ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ)។ ក្រោយពីធ្វើការសាកសួរតាមជំនាញរួចមក ម្ចាស់ទីតាំងបានប្រាប់មកសមត្ថកិច្ចថា ជនសង្ស័យជាមេខ្លោង បានទៅភ្នំពេញ បម្រុងឡើងយន្តហោះទៅកាន់ប្រទេសថៃ។

បន្ទាប់មក កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានពន្លាតដែនដីទៅរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ Zang Tanning ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (ជាមេខ្លោង) នាំយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក បានលួងលោមហៅជនរងគ្រោះទៅហូបបាយ នៅទីតាំងខាងលើ ក្រោយមកក៏បាននាំជនរងគ្រោះទៅបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ (ផ្ទេរតាមប្រព័ន្ធ USDT ចំនួន១០ម៉ឺន ដុល្លារ និងតាមធនាគារហុយវ័ង ចំនួន ៧ម៉ឺនដុល្លារ) ក្រោយពីទទួលបានលុយរួច ខ្លួននិងបក្ខពួក បានសម្លាប់ជនរងគ្រោះ នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន។ ចំពោះសពជនរងគ្រោះ បានយកទៅប្លុងចោល នៅក្រៅទីតាំងធ្វើសកម្មភាព។

រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថជំនាញ បានស្រាវជ្រាវ និងស្វែងរកសពជនរងគ្រោះឃើញ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ បន្ទាប់មក នៅវេលាម៉ោង ៧និង៥២នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងមន្ទីរជំនាញអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យបន្ថែមម្នាក់ទៀត ឈ្មោះ Zang Chuan Gang អាយុ៣៩ឆ្នាំ ភេទប្រុស ជនជាតិចិន នៅចំណុចភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ យកមកបន្តនីតិវិធីនៅអាវុធហត្ថខេត្តព្រះសីហនុ។

រហូតដល់វេលាម៉ោង ៣និង០៥នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដោយបានចម្លើយសារភាពពីជនសង្ស័យឈ្មោះ Sang in Chuan Sang ហៅ Dalong កម្លាំងអាវុធហត្ថជំនាញ បានចុះទៅទីតាំងក្រុមហ៊ុនតាសឹងសានជ័ង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញវត្ថុតាងបន្ថែម រួមមាន អាវុធខ្លី ចំនួន២ដើម ម៉ាក SZ 75 COMPACT លេខ A 134409 និងម៉ាក SZ-07 លេខ D 134090 បង់ចំនួន៣ និងគ្រាប់ចំនួន៦៩គ្រាប់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្ថែមថា ក្រោយពីកម្លាំងការិយាល័យជំនាញបានធ្វើការសាកសួរតាមវិធានការជំនាញ ចំពោះសាក្សីចំនួន៥នាក់ រួមមាន ទី១-ឈ្មោះ WANG XUDONG ហៅ WANG ZHONGប អាយុ៥៥ឆ្នាំ ជនជាតិចិន មុខរបរលេខាសមាគមចិន។ ទី២-ឈ្មោះ JIN ZHE NING ហៅ JIN ZHONG អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ។ ទី៣-ឈ្មោះ HU SHENG MING អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរបើកហាងលក់ផ្លែឈើ។ ទី៤-ឈ្មោះ Liu Xin Mei ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន Jin se gang Wan និងទី៥-ឈ្មោះ TANG LAN ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

រហូតមកដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យចំនួន៣នាក់ រួមជាមួយវត្ថុតាងមួយចំនួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី រួមមាន ទី១-ឈ្មោះ ZANG YANMING អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរថៅកែក្រុមហ៊ុនតាសឹងសានជ័ង បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី២-ឈ្មោះ ZANG CHUANGANG ហៅ DA LONG អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរប្រធានសន្តិសុខ ក្រុមហ៊ុនតាសឹងសានជ័ង និងទី៣-ឈ្មោះ LIANG JINGJING ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាង ក្រុមហ៊ុនតាសឹងសានជ័ង។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអះអាងថា ចំពោះថវិកាដែលជនសង្ស័យចាប់ជំរិតយកពីជនរងគ្រោះ ចំនួន ១៧ម៉ឺនដុល្លារ កម្លាំងអាវុធហត្ថជំនាញ ប្រមូលយកបានមកវិញ ចំនួន ១០ម៉ឺន និង១៥០០ដុល្លារ រួចក៏បានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះរួចរាល់គ្រប់ចំនួន៕

RELATED ARTICLES