Friday, April 10, 2026
Homeព័ត៌មានជាតិទំនាក់ទំនងកម្ពុជា-បារាំង ដំឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ

ទំនាក់ទំនងកម្ពុជា-បារាំង ដំឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្ត្រី បានអរគុណលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមានដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ជាពិសេស ការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ” (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។

សម្តេចហ៊ុន ម៉ាណែត បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ថា «សូមអរគុណឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី រវាងប្រទេសយើងទាំងពីរ ជាពិសេស ការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដល់កម្រិត “ភាពជាដៃគូរយុទ្ធសាស្ត្រ – Strategic Partnership” នៅពេលឆាប់ៗខាងមុខ។ ខ្ញុំរង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធា នាធិបតី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់ឯកឧត្តម ក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយា យភាសាបារាំង លើកទី២០ (20th Francophonie Summit) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ»។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួម “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” (One health summit) នៅប្រទេសបារាំង តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។       

កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One health summit) នៅប្រទេសបារាំង ជាជំនួបកំពូលទី៨ ដែលបារាំង ផ្តួចផ្តើមរៀបចំនិងធ្វើជាម្ចាស់ផ្ទះ គិតចាប់តាំងពីសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ ទីក្រុងប៉ារីស ឆ្នាំ២០១៥។ នៅមុនជំនួបកំពូលស្តីពីសុខភាពតែមួយ បារាំង ធ្លាប់ធ្វើជាម្ចាស់ផ្ទះ រៀបចំជំនួបកំពូល ដូចជា One planet summit (ផែនដីតែមួយ) One ocean (សមុទ្រតែមួយ) one forest (ព្រៃតែមួយ) one water summit (ទឹកតែមួយ)។ បារាំង ក្រោមអាណត្តិរបស់លោកម៉ាក្រុង បានចំណាយថវិការៀបចំជំនួបកំពូលអន្តរ ជាតិ នៅក្នុងគោលដៅជំរុញឲ្យយកចិត្តទុកដាក់ថែរក្សាភពផែនដី ដែលជាទីពំនាក់អាស្រ័យរបស់មនុស្សជាតិ។

ក្នុងអំឡុងពេលស្ថិតនៅប្រទេសបារាំងនោះ កាលពីរសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយលោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានអេលីហ៊្សេ ពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី រវាងប្រទេសទាំងពីរ ជាពិសេស ការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដល់កម្រិត “ភាពជាដៃគូរយុទ្ធសាស្ត្រ – Strategic Partnership” នៅពេលឆាប់ៗខាងមុខ ។

 គួរកត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-បារាំង គឺជាទំនាក់ទំនងមិត្តភាពប្រវត្តិសាស្ត្រ ដ៏យូរលង់ និងជិតស្និទ្ធ ដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិយោគ និងការពារជាតិ។ ប្រទេសទាំងពីរ ផ្តោតលើការកសាងភាពជាដៃគូសេដ្ឋកិច្ច ពិសេសការវិនិយោគពីបារាំង ក្រោមច្បាប់វិនិយោគថ្មី របស់កម្ពុជា និងបន្តជួយដល់ការអភិវឌ្ឍធនធានមនុស្ស។ ចំណុចសំខាន់ៗនៃទំនាក់ទំនងកម្ពុជា-បារាំង គឺការអភិវឌ្ឍទំនាក់ទំនង ។ បានន័យថា ទំនាក់ទំនងកម្ពុជា-បារាំង ជាទំនាក់ទំនងបែបប្រពៃណី និងជាដៃគូដែលជំរុញឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

 ទំនាក់ទំនងកម្ពុជា-បារាំង គឺជាទំនាក់ទំនងយូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅតាមរយៈប្រវត្តិសាស្ត្ររួម។ ចំណងមិត្តភាពនេះ ត្រូវបានពង្រឹងបន្ថែមដោយការឯកភាពដំឡើងកម្រិតទំនាក់ទំនង ទៅជា «ដៃគូយុទ្ធសាស្ត្រ» ដើម្បីពង្រីកសហប្រតិបត្តិការគ្រប់វិស័យ រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។  ទំនាក់ទំនងនេះ មានតាំងពីចុងសតវត្សទី១៩ ក្នុងសម័យអាណានិគមបារាំង ដែលមានរយៈពេលជាង ១០០ឆ្នាំមកហើយ ៕ ខៀវទុំ

RELATED ARTICLES