ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ទើបនឹងចេញពីធ្វើការយប់ ជិះម៉ូតូកង់បី ត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេលធ្វើដំណើរតាមផ្លូវ លេចមុខជនសង្ស័យ១ក្រុម ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ដែលមានលុយក្នុងនោះចំនួន៨០ដុល្លារ ព្រមទាំងឯកសារមួយចំនួន រួចគេចខ្លួនបាត់ដោយសុវត្ថិភាព បន្សល់ទុកនារីរងគ្រោះ បានត្រឹមរត់ទៅដាក់ពាក្យបណ្តឹងទាំងទឹកភ្នែក។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅជិតច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
នារីរងគ្រោះ មានឈ្មោះអឿន ស្រីរត្ន័ អាយុ៣០ឆ្នាំ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកសម្ភារៈបាត់បង់ រួមមាន កាបូប១ ក្នុងនោះមានលុយជាង៨០ដុល្លារ កាត ATM ១សន្លឹក កាតចាក់វ៉ាក់សាំង ១សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។
តាមសម្តីនារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានចេញពីកន្លែងធ្វើការ ដោយហៅម៉ូតូកង់បី ១គ្រឿង ជិះចេញពីម្តុំកោះពេជ្រ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំវាលស្បូវ ខណ្ឌច្បារអំពៅ ដោយម៉ូតូកង់បី បានដឹកតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ក្រោមស្ពានអាកាសក្បាលថ្នល់ ក៏បត់ស្តាំឡើងទៅផ្លូវមុនីវង្ស ដើម្បីបត់ត្រឡប់ក្រោយឡើងស្ពានព្រះមុនីវង្សថ្មី ហៅស្ពានច្បារអំពៅ។
នារីរងគ្រោះបន្តថា ស្រាប់តែពេលនោះ មានជនសង្ស័យ១ក្រុម មានគ្នាចំនួន៣នាក់ ជិះម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានម៉ាកហុងដា ឌ្រីម និងម៉ាកហុងដា ឃ្លីក ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់កាបូបស្ពាយដែលនាងបានទុកលើម៉ូតូកង់បី បានសម្រេច ហើយជនសង្ស័យបានបន្ថែមល្បឿនម៉ូតូ ជិះរត់គេចខ្លួនតែម្តង។ ភ្លាមៗនោះដែរ បុរសជាអ្នកបើកម៉ូតូកង់បី បានជិះដេញតាមដែរ ប៉ុន្តែតាមមិនទាន់ឡើយ លុះមកដល់ស្តុបវិទ្យាល័យបឹងត្របែក ជនសង្ស័យបាននាំគ្នាជិះបំបែកផ្លូវគ្នារត់គេចបាត់ស្រមោលអស់ទៅ។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានត្រឹមតែធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ទាំងទឹកភ្នែក ដើម្បីសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕