ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ ជាអ្នកលក់ប្រហិតចៀន តាមចិញ្ចើមផ្លូវ ទើបនឹងលក់មាសថ្មីៗ បំណងយកលុយទុកសង បំណុលគេ ស្រាប់តែត្រូវបានក្រុមចោរវ័យក្មេង ចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ផង បានធ្វើសកម្មភាពព្រួតវាយប្លន់យកទាំងលុយកាក់ និងគ្រឿងអលង្ការជាប់ខ្លួនអស់រលីង រួចនាំគ្នារត់គេចបាត់អស់ដោយសុវត្ថិភាព បន្សល់ទុកស្ត្រីរងគ្រោះ អង្គុយទួញយំស្តាយរបស់ទ្រព្យ។
ករណីវ៉ៃប្លន់ស្ត្រីលក់ប្រហិតចៀននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខវិទ្យាល័យសម្តេចឪ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ស្ត្រីរងគ្រោះ មានឈ្មោះសំ ជ្រាប ហៅមុំ អាយុ៣៨ឆ្នាំ មុខរបរលក់ប្រហិតចៀន ស្នាក់នៅផ្ទះជួល ភូមិអូរតាគាំ២ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ ចំណែកជនសង្ស័យ មានគ្នាទាំងអស់៣នាក់ ក្នុងនេះមានស្រីម្នាក់ផង ពាក់ម៉ាសក៍មុខ និងសុទ្ធតែជាក្មេងស្ទាវៗ។
តាមប្រភពពីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងអង្គុយលក់ប្រហិតចៀន នៅតាមផ្លូវ ដូចសព្វដង ប៉ុន្តែថ្ងៃនេះហាក់ស្ងាត់ភ្ងៀវ ស្រាប់តែក្រោយមក បានលេចមុខជនសង្ស័យប្រុសស្រី ចំនួន៣នាក់ (សុទ្ធតែក្មេងស្ទាវ) ពាក់ម៉ាសក៍មុខជិត បានជិះម៉ូតូមកឈប់ក្បែររទេះលក់ប្រហិតរបស់គាត់ រួចចុះដើរមកសំដៅគាត់ នឹកស្មានថា ពួកគេមករកទិញប្រហិត ស្រាប់តែរំពេចនោះ ក្រុមជនសង្ស័យ បានទាញដងអំបោសនៅក្បែរនោះ វាយមកលើរូបគាត់យ៉ាងចាស់ដៃ។
ស្ត្រីរងគ្រោះ បន្តថា គ្រានោះ គ្នាវាខ្លះបានស្ទុះទៅទាញយកកាបូបរបស់គាត់ ដើម្បីដកយកលុយ និងគ្រឿងអលង្ការ ហើយក៏បោះកាបូបឱ្យគាត់វិញ បន្ទាប់មក ក្រុមជនសង្ស័យទាំងនោះ បាននាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់អស់។
បើតាមសម្តីស្ត្រីរងគ្រោះ បានបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់គាត់ដែលបានបាត់បង់ រួមមាន ប្រាក់ ចំនួន ៤០០ដុល្លារ និង ១,១៥លានរៀល ខ្សែកមាស ទម្ងន់ ១តម្លឹង ខ្សែដៃមាស ទម្ងន់១,៥តម្លឹង និងកងដៃ ៣ឈុត។
ស្ត្រីរងគ្រោះ បានបញ្ជាក់បន្តថា ប្រាក់និងគ្រឿងអលង្ការទាំងនោះ គឺបានមកពីការសន្សំច្រើនឆ្នាំ ពីមុខរបរលក់ប្រហិត តាមចិញ្ចើមថ្នល់របស់គាត់។ ដោយឡែក ប្រាក់ចំនួន ៤០០ដុល្លារ គឺគាត់ទើបលក់មាសបានថ្មីៗ ដើម្បីយកទៅសងបំណុលគេ តែពេលនេះរលាយអស់ហើយ អស់ទាំងប្រាក់ត្រៀមសងបំណុលគេ អស់ទាំងគ្រឿងអលង្ការដែលគាត់បានសន្សំប្រាក់រាប់ឆ្នាំ ទិញទុក។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីសាកសួរព័ត៌មាន រួចក៏នាំស្ត្រីរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមចោរប្រុសចោរស្រីទាំង៣នាក់នោះ និងចាប់ខ្លួននាំយកយកមកផ្តន្ទាទោសតាមច្បាប់៕