ខេត្តព្រៃវែង ៖ បុរសម្នាក់ បានកើតមានអាការជំងឺបេះដូង និងរលាកសួត រួចបានទៅសម្រាកព្យាបាលជំងឺនៅគ្លីនិកឯកជនមួយកន្លែង តែបន្ទាប់ពីសម្រាកព្យាបាល អស់៥ថ្ងៃ ឃើញថា មិនបានធូរស្រាលសោះ ក៏សុំគ្រូពេទ្យចេញមកសម្រាកផ្ទះវិញ លុះគ្រាន់តែក្រុមគ្រួសារដឹកមកដល់ផ្ទះ បានប្រមាណជាង ១៥នាទី បុរសជាអ្នកជំងឺបានដាច់ខ្យល់ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិខ្នារ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល។
បុរសជាអ្នកជំងឺដែលចេញពីមន្ទីរពេទ្យ ទៅដល់ផ្ទះ បាត់បង់ជីវិតនោះ មានឈ្មោះប៉ិន ធឿន អាយុ៤៣ឆ្នាំ មានលំនៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល។ បុរសរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារអះអាងថា បានបាត់បង់ជីវិត បន្ទាប់ពីបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ខេង មានទីតាំងស្ថិតនៅចំពីមុខផ្សារស្នាយពល ស្ថិតក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង អស់រយៈពេល៥ថ្ងៃ លុះសុំពេទ្យមកផ្ទះ មិនបាន៣០នាទីផង ក៏ស្លាប់ចោលប្រពន្ធកូន ទាំងមិនបានលាមួយម៉ាត់។
តាមប្រភពពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ប្តីរបស់គាត់ (ជនរងគ្រោះ) បានកើតមានអាការមិនសូវស្រួលខ្លួនបន្តិចបន្តួច ហើយបានទៅពិនិត្យសុខភាព និងពិនិត្យនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ខេង មានទីតាំងស្ថិតនៅទល់មុខផ្សារស្នាយពល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ លុះពេលទៅដល់ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ប្តីរបស់គាត់មានជំងឺរលាកសួត និងជំងឺបេះដូង ឱ្យសម្រាកព្យាបាល ១ថ្ងៃ បើធូរ នឹងព្យាបាលបន្ត។ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ អស់រយៈពេល ៥ថ្ងៃមក ឃើញថាអាការប្តីគាត់ហាក់មិនបានធូរស្រាលសោះ ទើបក្រុមគ្រួសារ បានសុំយកប្តីត្រឡប់មកផ្ទះវិញ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាត និងចាក់ថ្នាំ ព្រមទាំងផ្សំថ្នាំទុកឱ្យលេប ពេលត្រលប់មកផ្ទះវិញទៀតផង។ លុះពេលមកដល់ផ្ទះ គ្រាន់តែប្តីគាត់ចុះពីឡាន បានប្រហែល១៥នាទី ក៏បានបាត់មាត់ឈឹង រួចក៏ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ដោយសង្ស័យថាប្រតិកម្មថ្នាំ ឬអាច មានបញ្ហាអ្វីមួយមិនខាន។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា បន្ទាប់ពីជនរងគ្រោះបានស្លាប់ទៅ ក្រុមគ្រួសារ បានរៀបចំធ្វើបុណ្យសពនៅផ្ទះតែម្តង ស្រាប់តែនៅវេលាម៉ោងប្រហែល ២និង៣០នាទីរសៀល ថ្ងៃដដែលនោះ ឃើញលោកអ៊ុំ សារិទ្ធ ហៅពេទ្យស្រឺ ប្រធានមន្ទីរពេទ្យ បង្អែកស្រុកពារាំង និងជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ខេង ព្រមទាំងក្រុមការងារពេទ្យ បានចុះមកដល់ផ្ទះជនរងគ្រោះ ដើម្បីនិយាយគ្នា តែដោយសារប្រពន្ធសព និងបងប្អូនសាច់ញាតិរវល់តែយំស្រែកសោកស្តាយ ទើបមិនបាននិយាយអ្វីច្រើនទេ ហើយលោកគ្រូពេទ្យ បានប្រាប់ថា ចាំយកសាហ៊ុយថ្លៃព្យាបាលមកចូលបុណ្យសពវិញ។
ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ខេង ក៏ដូចជាមន្ត្រីសុខាភិបាលពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕