ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ចាប់ឃាត់ខ្លួន កាលវេលាម៉ោង ១រសៀល ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់ (joker) តាមអ៊ីនធឺណិត។
ស្ត្រីសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង ធីតា អាយុ៣១ឆ្នាំ មុរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (ជាភ្នាក់ងារល្បែង joker តាមអ៊ីនធើណេត)។ ចំណែកសម្ភារៈដកហូត រួមមាន ទូរស័ព្ទ ចំនួន៣គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក បុងកត់ប្រាក់មួយចំនួន។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវ បង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (joker) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង យកមកអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕