ភ្នំពេញ ៖ រថយន្តស៊េរីទំនើប ១គ្រៀង របស់អ្នកនាង អឿន ម៉ូលីកា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូប ក្នុងបណ្តាញសង្គម បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែបើកបរក្នុងល្បឿនលឿន បំពានភ្លើងស្តុប (ស្តុបក្រហម) ធ្វើឱ្យជ្រុលទៅបុករថយន្តហាយឡែនដឺរ ១គ្រឿង នៅផ្លូវបំបែកជាបួន បណ្តាលឱ្យខូចខាតរថយន្តមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៨២ (ចំណុចភ្លើងស្តុបទេពផន) ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនដឺរ ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1503 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ (ភ្លើងស្តុបទេពផន) ក៏បានបើកឆ្លងភ្លើងស្តុបពណ៌ខៀវ បំណងបត់ឆ្វេងជិះឡើងទៅតាមបណ្តោយផ្លូវម៉ៅសេទុង ប៉ុន្តែបត់បានពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក BMW ពណ៌ស មិនមានស្លាកលេខ បើកបរដោយនារីម្នាក់ ដែលគេស្គាល់ថាគឺអ្នកនាង អឿន ម៉ូលីកា ជាមេតុងទីន និងជាអ្នកលក់តាមអនឡាញដ៏ល្បីឈ្មោះមួយរូប នៅក្នុងបណ្តាញសង្គម បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើង ទៅត្បូង យ៉ាងលឿន បំពានភ្លើងស្តុបពណ៌ក្រហម បានជ្រុលទៅបុករថយន្តហាយឡេនឌ័រ ចំកង់ខាងក្រោយចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យរថយន្តហាយឡែនដឺរ ខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង រីឯរថយន្តទំនើប BMW របស់អ្នកនាងអឿន ម៉ូលីកា បានរងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុភ្លាមៗ នារីជាអ្នកបើកបររថយន្តម៉ាក BMW គឺអ្នកនាងអឿន ម៉ូលីកា ដែលទំនងជាមិនមានរបួសអ្វីធ្ងន់ធ្ងរនោះ បានចេញពីរថយន្ត រួចឡើងជិះម៉ូតូកង់បី ចេញពីកន្លែងកើតហេតុបាត់ភ្លាមៗ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕