Friday, November 15, 2024
Homeព័ត៌មានជាតិប្រាប់ម៉ែថាលែងចង់រស់ កន្លះខែ...

ប្រាប់ម៉ែថាលែងចង់រស់ កន្លះខែ…

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ទើបគិតខ្លី លែងចង់រស់ ដោយចេះតែត្អូញត្អែរប្រាប់ម្តាយរបស់ខ្លួនថា ចំណែកស្ត្រីជាម្តាយ បានត្រឹមលួងលោមកុំឱ្យកូនស្រីគិតខ្លី ដឹងអី កន្លះខែក្រោយមក ស្ត្រីរូបនោះ បានសម្រេចចិត្តចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បន្សល់ទុកកូនស្រីវ័យ៩ឆ្នាំម្នាក់ ឱ្យនៅកំព្រា។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ។

ស្ត្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះងួន សាវឿន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ។

តាមសម្តីស្ត្រីចំណាស់ឈ្មោះឃឹម សុន  អាយុ៧៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ស្ត្រីរងគ្រាះខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (ជនរងគ្រោះឈ្មោះងួន សារឿន) កាលពីរយៈពេលប្រមាណកន្លះខែមុន ចេះតែនិយាយត្អូញប្រាប់រូបគាត់ជាម្តាយថា ចង់ស្លាប់ ព្រោះរាល់ថ្ងៃនេះ ពិបាកណាស់។ ឮបែបនេះ គាត់ជាម្តាយបានព្យាយាមនិយាយអប់រំណែនាំ លើកទឹកចិត្តកូនស្រី កុំឱ្យគិតខ្លីដែរ ហើយក៏ឃើញថា នាងហាក់ស្ងប់អារម្មណ៍វិញខ្លះដែរ ទើបមិនសូវចាប់អារម្មណ៍ ស្រាប់តែមកដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កូនស្រីរបស់គាត់ បានធ្វើសកម្មភាពចងកសម្លាប់ខ្លួនបែបនេះតែម្តង។

យោងតាមកំណត់ហេតុបំភ្លឺពីក្មេងស្រីឈ្មោះនឿន សុខានី អាយុ៩ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ នាងបានហូបបាយថ្ងៃត្រង់ ជាមួយម្តាយដូចសព្វដង រួចហើយនាងក៏ឡើងទៅដេកនៅលើគ្រែក្នុងផ្ទះ ស្រាប់តែពេលនាងភ្ញាក់ពីដេក ឃើញម្តាយចងកនៅក្នុងផ្ទះ ទើបធ្វើឱ្យនាងភ័យឆោឡោ រត់ទៅប្រាប់សាច់ញាតិ ឱ្យមកជួយសង្គ្រោះម្តាយរបស់នាងដែរ តែអកុសល ម្តាយនាងបានស្លាប់បាត់ទៅហើយ។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌ស ចងកភ្ជាប់នឹងធ្នឹមផ្ទះ បណ្តាលឱ្យស្លាប់។

សពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES