Friday, November 15, 2024
Homeព័ត៌មានជាតិវ៉ៃប្រពន្ធរបួស អារកសម្លាប់កូនប្រុស

វ៉ៃប្រពន្ធរបួស អារកសម្លាប់កូនប្រុស

ខេត្តស្ទឹងត្រែង ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានមកបង្ករឿងឈ្លោះប្រកែកវាយដំប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានអ្នកជិតខាងជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសជាប្តីកំណាច នៅមិនទាន់ រំសាយកំហឹងអស់ បានចាប់អារកសម្លាប់កូនប្រុសរបស់ខ្លួនដែលទើបនឹងមានអាយុ៧ឆ្នាំ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់មក ព្យាយាមអារកសម្លាប់ខ្លួនដែរ ប៉ុន្តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ។

ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃ ឪពុកបង្កើត ចាប់អាករសម្លាប់កូនប្រុសខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន។

ជនដៃដល់ជាឃាតករដែលអារកសម្លាប់កូនប្រុសបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ កន នី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះខេង ខំចាន់ អាយុ៣៩ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់ កំពុងសម្រាកនៅមន្ទីរពេទ្យ)។ ចំណែកក្មេងប្រុសរងគ្រោះដែលត្រូវឪពុកបង្កើតចិត្តឃោរឃៅចាប់អារកសម្លាប់ មានឈ្មោះ កន នី អាយុ៧ឆ្នាំ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនកំណាចខាងលើនេះ តែងផឹកស្រាស្រវឹងអួទីនួ ជារៀងរាល់ថ្ងៃ និងឧស្សាហ៍ប្រើអំពើហិង្សាវាយដំប្រពន្ធកូនរបស់ខ្លួនខ្លាំងណាស់ គ្រាន់តែមិនមានសភាពធ្ងន់ធ្ងរដូចលើកនេះឡើយ។ មុនពេលកើតហេតុ ជនសង្ស័យទើបនឹងមកពីផឹកស្រាស្រវឹងជោក រួចបានបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន និងបានប្រើអំពើហិង្សា វាយដំស្ត្រីជាប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានអ្នកជិតខាងជួយដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រែពក ដើម្បីសង្គ្រោះជីវិត។

ប្រភពដដែល បន្តថា លុះក្រោយពីអ្នកជិតខាងដឹកប្រពន្ធរបស់ខ្លួនចេញទៅមណ្ឌលសុខភាពបាត់ ជនសង្ស័យជាឃាតករខាងលើ បានដើរទៅចាប់កូនប្រុសបង្កើតរបស់ខ្លួន ឈ្មោះនី វុធ ដែលទើបនឹងមានអាយុ៧ឆ្នាំ ឡើងទៅសម្ងំនៅក្នុងផ្ទះ រួចយកកាំបិតផ្គាក់ អារកកូនប្រុសខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងរន្ធត់។ បន្ទាប់មក ជនដៃដល់ជាឃាតករ បានយកកាំបិតផ្គាក់នោះ មកអារកខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួនដែរ ប៉ុន្តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ខ្លួន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសិន មុននឹងបញ្ជូនទៅចាត់ការតាមច្បាប់។

សពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES