ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ មិនដឹងថាមានជម្លោះអ្វីជាមួយបងប្រុសបង្កើតរបស់ខ្លួន ស្រាប់តែបានប្រើកាំបិតកាប់បំផ្លាញដើមកៅស៊ូរបស់បងប្រុសបង្កើត បណ្តាលឱ្យខូចខាតអស់ជាង៣០០ដើម លុះបងប្រុសទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនប្អូនប្រុស នាំយកមកសាកសួរ។
ការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ជនសង្ស័យ មានឈ្មោះទូច ប៉ូច ហៅណុប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។
តាមប្រភពពីមន្ត្រីនគរបាលស្រុកកែវសីមា បានឱ្យដឹងថា ពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះទូច សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ បានរៀបរាប់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣និង៥០នាទីរសៀល ជនសង្ស័យខាងលើ ដែលត្រូវជាប្អូន បង្កើតរបស់ខ្លួន បានយកកាំបិតផ្គាក់ និងក្វាវបក ទៅកាប់បំផ្លាញដំណាំកៅស៊ូរបស់ខ្លួន ជាជនរងគ្រោះ អស់ចំនួន៣៣០ដើម។ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ហើយកម្លាំងសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកដោះស្រាយ និងកសាងសំណុំរឿង ទៅតាមនីតិវិធី៕