ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ឆ្លៀតពេលសម្រាកពីការងារ ក្នុងទិញស្រា មកអង្គុយផឹកតែម្នាក់ឯង ស្រាប់តែក្រោយមក លេចមុខមិត្តភក្តិរួមការងារម្នាក់ បានដើរមកសុំផឹកជាមួយ រួចក៏អង្គុយផឹកជុំគ្នា ជជែកពីនេះពីនោះ ឮតែសំឡេងសើចក្អាកក្អាយ លុះក្រោយពេលស្រវឹង ធ្លាក់ភ្នែក ភាគីម្ខាងបានចោទភាគីម្ខាងទៀតថាបានលួចទាក់ទងជាមួយប្រពន្ធរបស់ខ្លួន ជាហេតុធ្វើឱ្យផ្ទុះជម្លោះ ឈានដល់ការវាយតប់គ្នា បណ្តាលឱ្យប៉ោងមុខរៀងខ្លួន។
ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ភាគីដែលចោទប្រកាន់មិត្តភក្តិថា បានលួចទាក់ទងប្រពន្ធរបស់ខ្លួននោះ មានឈ្មោះសំ ណាក់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះលក ម៉ាលីន អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ។ ចំណែកភាគីដែលរងការចោទប្រកាន់ថាបានលួចទាក់ទងប្រពន្ធគេ មានឈ្មោះម៉ៅ ចាន់ថន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសឈ្មោះម៉ៅ ចាន់ថន បានអង្គុយផឹកម្នាក់ឯង នៅកន្លែងកើតហេតុ។ បន្ទាប់មក បុរសឈ្មោះសំ ណាក់ បានមកសុំផឹកជាមួយដែរ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែបុរសឈ្មោះសំ ណាក់ បានចោទបុរសឈ្មោះម៉ៅ ចាន់ថន ថាលួចទាក់ទងជាមួយប្រពន្ធខ្លួន។
ប្រភពដដែល បានបន្តថា ពេលនោះ ឈ្មោះម៉ៅ ចាន់ថន បានប្រកែកថា មិនដែលស្គាល់ប្រពន្ធរបស់ឈ្មោះសំ ណាក់ នោះទេ តែឈ្មោះសំ ណាក់ នៅតែមិនជឿ ជាហេតុធ្វើឱ្យកើតជាជម្លោះ វាយគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ ប៉ុន្តែភាគីទាំងសងខាង សុំមិនធ្វើការប្តឹងផ្តល់គ្នាទេ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យទៅព្យាបាលរបួសរៀងៗខ្លួនទៅ៕