Thursday, December 5, 2024
Homeព័ត៌មានជាតិឆក់ត្រីបាត់១យប់ ព្រឹកក្លាយជាសព

ឆក់ត្រីបាត់១យប់ ព្រឹកក្លាយជាសព

ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ បានរាយខ្សែភ្លើង ចេញពីបន្ទប់ជួល ដើម្បីឆក់ត្រី យកមកធ្វើម្ហូប រួចក៏បាត់ខ្លួនពេញ ១យប់ លុះព្រឹកឡើង ក្រុមគ្រួសារចេញទៅតាមរក ក៏ប្រទះឃើញស្លាប់ក្នុងទឹក យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចម្តុំផ្លូវថៃហ្គ័រ ក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីប្អូនថ្លៃរបស់ជនរងគ្រោះ បានឱ្យដឹងថា បងថ្លៃរបស់ខ្លួន ដែលស្លាប់នេះ មានឈ្មោះតូច សុផល អាយុ៤២ឆ្នាំ ស្នាក់នៅក្បែរទីតាំងកើតហេតុ ជាបុរសពោះម៉ាយ បែកបាក់ជាមួយប្រពន្ធ ជាច្រើនឆ្នាំមកហើយ រស់នៅជាមួយកូនៗ ៣នាក់ មានកូនស្រី ជាបង ហើយតែងតែចេញទៅឆក់ត្រី ជាប្រចាំ ដោយបានរាយខ្សែភ្លើងចេញពីបន្ទប់ តាំងពីវេលាម៉ោងខ្ទង់ ៥ល្ងាចមកម៉្លេះ លុះព្រឹកឡើង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មិនឃើញជនរងគ្រោះមកផ្ទះវិញ ខ្សែភ្លើងក៏មិនទាន់ដក ទើបនាំគ្នាផ្អើលឆោឡោ តាមរកមើលតាមរយៈខ្សែភ្លើងដែល រាយនោះ ក៏ឃើញបងថ្លៃរបស់ខ្លួន ស្លាប់ក្នុងទឹក ខាងក្រោយផ្ទះបាត់ទៅហើយ រួចទើបប្រញាប់នាំគ្នាស្រង់ឡើងមកគោក គ្របភួយ រង់ចាំសមត្ថកិច្ចចុះមកធ្វើពិនិត្យ។ ខណៈកូនស្រី ស្លុតអស់ស្មារតី ទន់ជង្គង់ស្រែកយំហៅឪពុក ខណៈសាច់ញាតិឃើញ បានស្រក់ទឹកភ្នែកអាសូរបំផុត ខណៈក្មេងៗជាកូនរបស់ជនរងគ្រោះ ដែលតូចជាងគេ គឺប្អូនថ្លៃជាអ្នកជួយចិញ្ចឹមបីបាច់ ពួកគេហៅមីងរបស់ខ្លួនថាម្តាយ ទាំងដែលមុខម្តាយពិត ពួកគេមិនស្គាល់នោះទេ ពិតជាសង្វេគណាស់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យ រួចក៏ប្រគល់សពជនរងគ្រោះ ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកឯង៕

RELATED ARTICLES