Sunday, November 24, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះបុគ្គលិកធនាគារ គប់គេរយះក្បាល

វ៉ៃខ្នោះបុគ្គលិកធនាគារ គប់គេរយះក្បាល

ខេត្តបាត់ដំបង ៖ បុរសជាបុគ្គលិកធនាគារម្នាក់ បានកើតមានជម្លោះជាមួយនឹងអ្នកជិតខាងរបស់ខ្លួន ដែលមានតួនាទីជា អនុប្រធានមន្ទីរពាណិជ្ផកម្ម ជាយូរណាស់មកហើយ រហូតកើតជាគំនុំក្នុងចិត្ត លុះទាក់ពាក្យសម្តីគ្នាសាជាថ្មី ក៏ផ្ទុះហិង្សា ទាញដុំឥដ្ឋគប់ក្បាលគូទំនាស់ បណ្តាលឱ្យរយះក្បាល ហូរឈាមស្រោចខ្លួន រួចរត់គេចខ្លួនបាត់ ១យប់ រហូតដល់ព្រឹកឡើង ទើបកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបាន។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។ រហូតមកដល់វេលាម៉ោង ១១ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបកម្លាំងអាវុធហត្ថ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នាំយកទៅសាកសួរ។

ជនសង្ស័យដែលគប់គូទំនាស់រយះក្បាល និងត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន មានឈ្មោះទឹម វណ្ណរឹទ្ធ ហៅទូច ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាបុគ្គលិកធនាគារ រស់នៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះពែត ថារ៉ូ ហៅជីត ភេទប្រុស អាយុ៥២ឆ្នាំ មានតួនាទីជាអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង រស់នៅក្នុងភូមិជាមួយគ្នា (រស់នៅក្បែរខាងគ្នា)។

យោងតាមរបាយការណ៍របស់កម្លាំងអាវុធហត្ថ បានឱ្យដឹងថា ជនបង្កហេតុ ជាបុគ្គលិកធនាគារខាងលើនេះ បានយកដុំឥដ្ឋ គប់ក្បាលលោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បណ្តាលឱ្យបែកឈាម កាលពីយប់ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២២ នៅចំណុចកើតហេតុ។ ក្រោយធ្វើសកម្មភាពទៅលើជនរងគ្រោះរួចហើយ  ជនបង្កហេតុ បានគេចខ្លួនបាត់ ១យប់  លុះព្រឹកថ្ងៃបន្ទាប់ ទើបត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន នាំយកទៅសួរនាំ។

លោកសូ ឌី ប្រធានមន្ទីរយុត្ថិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងអំពីមូលហេតុថា អំពើហិង្សានេះ ផ្តើមចេញពីជម្លោះរ៉ាំរ៉ៃ ចងជាគំនុំរវាងភាគីទាំងពីរ ដែលរស់នៅក្បែរខាងគ្នា។ លុះមកដល់ថ្ងៃកើតហេតុ ភាគីទាំងពីរបានផ្ទុះជម្លោះនឹងគ្នាជាថ្មី  រហូតភាគីម្ខាងទ្រាំមិនបាន ក៏ទាញដុំឥដ្ឋ គប់ក្បាលភាគីម្ខាងទៀត បណ្តាលឱ្យបែកហូរឈាម។ ប៉ុន្តែយ៉ាងណា ពេលនេះ ជនដៃដល់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនបានហើយ។

ជនបង្កហេតុខាងលើ ត្រូវបានមន្ត្រីអាវុធហត្ថជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES