ភ្នំពេញ ៖ ស្ត្រីជំនួញល្បីឈ្មោះម្នាក់ ឈ្មោះពេជ្រ ស្រីមុំ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោមបទឆបោកលុយគេរាប់លានដុល្លារនោះ ត្រូវបានចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានឱ្យដឹងថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះពេជ្រ ស្រីមុំ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកអ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
គួររំលឹកថា ស្ត្រីជាអ្នកជំនួញហាយសូខាងលើ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះវីឡា លេខ 4D ផ្លូវដាវីន បុរីវរជន ក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន តាមដីកាបញ្ជាចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ)។
តាមប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីជាអ្នកជំនួញដែលត្រូវបានឃាត់ខ្លួន មានឈ្មោះពេជ្រ ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ស្ត្រីជាអ្នកជំនួញខាងលើនេះ ត្រូវបានឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ចេញដោយលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ហើយការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្តនិងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន ។
បន្ថែមលើនេះ ស្ត្រីជាអ្នកជំនួញរូបនេះ នៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលជនរងគ្រោះបានប្តឹង ទៅអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។
គួរបញ្ជាក់ថា ស្ត្រីឈ្មោះពេជ្រ ស្រីមុំ ធ្លាប់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនម្តងរួចមកហើយ កាលពីថ្ងៃទី០៤ ឧសភា ២០២២ នៅចំណុចមុខអគា Rise Commercial Building ក្នុងខណ្ឌបឹងកេងកង ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦ ០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ។ កាលនោះ ស្ត្រីសង្ស័យខាងលើ ត្រូវកម្លាំងជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផងដែរ៕