Friday, November 22, 2024
Homeព័ត៌មានជាតិបុរសខូចចិត្ត លោតពីលើខុនដូជាន់ទី១២

បុរសខូចចិត្ត លោតពីលើខុនដូជាន់ទី១២

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងថាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ស្រាប់តែបញ្ចប់ជីវិតរបស់ខ្លួន ដោយលោតពីលើជាន់ទី១២ នៃអគារខុនដូ មួយកន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចអគារខុនដូ ដឺប្លីសមេគង្គ រ៉េស៊ីដិន (The Bliss Mekong Residence) មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសដែលលោតសម្លាប់ខ្លួននោះ មានឈ្មោះឡា គឹមសុង អាយុ៤៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥២២ ជាន់ទី៥ នៃអគារខុនដូខាងលើ និងមានអាសយដ្ឋាន ផ្ទះលេខ ១៤៣ ផ្លូវលេខ៨០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឮសូរសំឡេងដូចជាមានរបស់អ្វីម៉្យាងធ្លាក់នៅលើស្មៅ ចំហៀងខាងជើងនៃអគារខុនដូ ហើយអ្នកក្បែរខាង បានអើតមើលពីបន្ទប់ស្នាក់នៅ ស្រាប់តែប្រទះឃើញសពបុរសខាងលើ ដេកស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ អ្នកប្រទះឃើញហេតុការណ៍ បានប្រាប់ទៅសន្តិសុខ ឱ្យនាំគ្នាទៅជួយមើល និងប្រុងលើកយកទៅសង្គ្រោះដែរ តែជនរងគ្រោះស្លាប់បាត់ទៅហើយ។

ដោយឡែក យោងតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថា បុរសរូបនេះ បានចាក់សោបន្ទប់ រួចឡើងទៅលើដំបូលជាន់ទី១២ ដោះស្បែកជើងចេញ ហើយក៏លោតចុះមកក្រោម  ធ្លាក់ដល់ដី ក្បែរអគារខុនដូ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ចំពោះមូលហេតុអ្វីនោះ គេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីនៅឡើយ ទើបបានជាគិតខ្លីដោយលោតសម្លាប់ខ្លួនបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសពជនរងគ្រោះ រួចបានបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារការលោតសម្លាប់ខ្លួន ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES