Friday, November 22, 2024
Homeព័ត៌មានជាតិប្តីមិននៅ ចោរច្របាច់កប្លន់ប្រពន្ធ

ប្តីមិននៅ ចោរច្របាច់កប្លន់ប្រពន្ធ

ភ្នំពេញ ៖ ស្ត្រីម្នាក់ នៅក្នុងបន្ទប់ជួលពេលយប់ស្ងាត់ តែម្នាក់ឯង ខណៈបុរសជាប្តី ចេញទៅអង្គុយលេងនៅបន្ទប់ជួល អ្នកស្គាល់គ្នាក្បែរនោះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានមកគោះទ្វារបន្ទប់ លុះស្ត្រីជាម្ចាស់បន្ទប់ស្រែកសួរ មិនឮមាត់ឆ្លើយ បន្ទាប់មកក៏លេខមុខជនសង្ស័យខាងលើ ច្រានទ្វារចូលក្នុងបន្ទប់ ធ្វើសកម្មភាពចាប់ច្របាច់កស្ត្រីជាម្ចាស់បន្ទប់ ប្លន់យកទ្រពសម្បត្តិបានមួយចំនួន រួចរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិចុងខ្សាច់ ផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះ មានឈ្មោះវឿន អាយុ៥៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ជាមួយប្តី និងកូន។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា សព្វថ្ងៃគាត់ស្នាក់នៅបន្ទប់ជួល ពីរនាក់ប្តីរបស់គាត់ ហើយមុនពេលកើតហេតុ ប្តីគាត់បានចេញទៅអង្គុយលេងនៅបន្ទប់ជួលអ្នកស្គាល់គ្នានៅក្បែរនោះ ហើយរូបគាត់នៅក្នុងបន្ទប់ជួលកើតហេតុ តែម្នាក់ឯង និងមិនបានចាក់គន្លឹះទ្វារបន្ទប់ ជួលនោះទេ។ លុះដល់ពេលកើតហេតុ គាត់បានឃើញទ្វារបន្ទប់ជួលរង្គើ ២ទៅ៣ដង តែគាត់ស្មានតែកូនរបស់គាត់ដែលរស់នៅក្បែរនោះ ទើបស្រែកហៅដែរ តែមិនមានសំឡេងឆ្លើយតបនោះទេ។

ស្ត្រីរងគ្រោះ បន្តថា រំពេចនោះស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានស្ទុះចូលមកក្នុងបន្ទប់របស់គាត់ និងបានធ្វើសកម្មភាពចាប់ច្របាច់កគាត់ ប្លន់យកទ្រព្យសម្បត្តិ។ ខណៈពេលនោះគាត់ព្យាយាមរើបុម្រះ និងស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ទើបជនសង្ស័យភ័យស្លន់ស្លោ ក៏បានស្ទុះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ហើយគាត់ប្រញាប់រត់ទៅប្រាប់ប្តី និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្តង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា គាត់ចំណាំមុខជនសង្ស័យនោះបាន គេមានវ័យប្រមាណ៣០ឆ្នាំ និងជាមិត្តភក្តិរបស់អ្នករស់នៅបន្ទប់ជួលក្បែរគាត់ ឧស្សាហ៍មកលេងបន្ទប់ជួលមិត្តភក្តិជារឿយៗផងដែរ។ មុនពេលកើតហេតុ ជនសង្ស័យ និងបុរសចំនួន២នាក់ទៀត បានជិះម៉ូតូ ចំនួន២គ្រឿង មកលេងបន្ទប់ជួលមិត្តភក្តិរបស់គេដូចសព្វដង។ ប៉ុន្តែក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានឡើងជិះម៉ូតូមួយគ្រឿង គេចខ្លួនចេញទៅបាត់ ចោលបុរសពីរនាក់ដែលមកជាមួយគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំបុរសទាំង២នាក់ និងមិត្តរបស់ជនសង្ស័យ រួមជាមួយជនរងគ្រោះ ទៅធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES