Friday, November 22, 2024
Homeព័ត៌មានជាតិបង្ក្រាបហាងខារ៉ាអូខេ បង្កប់សេវាស្រួល

បង្ក្រាបហាងខារ៉ាអូខេ បង្កប់សេវាស្រួល

ខេត្តកំពង់ចាម ៖ ហាងខារ៉ាអូខេ មួយកន្លែង ដែលបានលួចលាក់បើកបម្រើសេវាផ្លូវភេទ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាប ដោយឃាត់ខ្លួនបានស្ត្រីជាមេការម្នាក់ (ម៉ែយ៉ែម) និងនារីរកស៊ីផ្លូវភេទ ចំនួន២នាក់ ក្នុងនោះមានម្នាក់ ជាអនីតិជន។

ប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេលួចបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចហាងខារ៉ាអូខេ «ម្លប់ស្បូវ KTV» មានទីតាំងស្ថិតក្នុងភូមិអម្ពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ក្រោមការសម្របសម្រួលនិងដឹកនាំដោយលោកតូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេ «ម្លប់ស្បូវ KTV» ស្ថិតក្នុងភូមិអម្ពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ឆន ធី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាមេការ និងនារីរកស៊ីផ្លូវភេទចំនួន២នាក់ (អនីតិជន ១នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើសាកសួរតាមនីតិវិធី។

ក្រោយពីសាកសួរ និងដោយមានការចូលរួមនីតិវិធីពីសំណាក់ភ្នាក់ងារសង្គមកិច្ច អមនឹងជនរងគ្រោះជាអនីតិជន ដោយមានបញ្ជាពីលោកតូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឆន ធី ពីបទសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេ «ម្លប់ស្បូវ KTV» ស្ថិតក្នុងភូមិអម្ពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ វត្ថុតាងដកហូតបាន មានស្រោមអនាម័យប្រើប្រាស់រួច ចំនួន០៥ និងមិនទាន់ប្រើ ចំនួន៦ស្រោម។ ចំពោះជនរងគ្រោះជាអនីតិជន សមត្ថកិច្ចបានប្រគល់ជូនអង្គការមេត្រីអន្តរជាតិ តាមរយៈមន្ទីរសង្គមកិច្ច ហើយអង្គការនេះ បានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារវិញ៕

RELATED ARTICLES