Tuesday, April 30, 2024
Homeតារាខ្មែរមេតុងទីន ម៉ូលីកា ក្រាបសំពះសុធារ៉ា សុំទោស អូនច្រឡំថាបងឆ្កួត

មេតុងទីន ម៉ូលីកា ក្រាបសំពះសុធារ៉ា សុំទោស អូនច្រឡំថាបងឆ្កួត

ភ្នំពេញ ៖ បន្ទាប់ពីបាននិយាយថា អ្នកនាងសឿ សុធារ៉ា ឆ្កួត ហើយផ្ទុះប្រតិកម្មពីមហាជនមក អ្នកនាងអឿន ម៉ូលីកា មេតុងទីនអនឡាញល្បីឈ្មោះ បានទៅក្រាបសំពះសុំទោសអ្នកនាងសឿ សុធារ៉ា ដល់កន្លែងស្នាក់នៅក្នុងវត្ត ដោយទទួលស្គាល់កំហុសដែលកើតឡើងដោយសារនាងធ្វេសប្រហែស និយាយមិនបានគិតពិចារណា។

អ្នកនាងអឿន ម៉ូលីកា បានសរសេរក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «នាងខ្ញុំ ម៉ូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និងសុំទោសសាធារណជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្ន ក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនា ប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ មានការខឹងសម្បាលើរូបនាងខ្ញុំ។ ដូចនេះថ្ងៃនេះ ខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណ: នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែស មិនបានប្រយ័ត្ន ។ អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និងបងប្អូនក្នុងបណ្តាញសង្គម ហ្វេសប៊ុក ទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង។ នាងខ្ញុំសូមសន្យាថា នឹងមិនឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និងបងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង»។

បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះ អ្នកនាងអឿន ម៉ូលីកា បានទៅក្រាបសំពះអ្នកនាងសឿ សុធារ៉ា ដល់វត្តដែលអ្នកនាងស្នាក់នៅ សុំទោសផ្ទាល់បន្ថែមទៀត ហើយត្រូវបានអ្នកនាងសឿ សុធារ៉ា ស្វាគមន៍ដោយក្តីសន្តោស ព្រមលើកលែងឲ្យ ដោយមិនប្រកាន់ទោសអូសដំណើរអ្វីឡើយ។

បន្ទាប់ពីបានទៅក្រាបសំពះសុំទោសផ្ទាល់រួចហើយ អ្នកនាងអឿន ម៉ូលីកា បានសរសេរសុំទោសអ្នកនាង សឿ សុធារ៉ា បន្ថែមទៀត តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «នាងខ្ញុំ ម៉ូលីកា បានមកជួបបងស្រី សឿ សុធារ៉ា ដើម្បីសុំទោសពីសំណាក់បងស្រីដោយផ្ទាល់ ដោយម្សិលមិញ នាងខ្ញុំមានកំហុសដោយអចេតនា មិនបានប្រយ័ត្ន បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបងស្រី ដូចនេះនាងខ្ញុំបានមកដល់ជួបបងស្រីផ្ទាល់ ដើម្បីសូមការអភ័យទោស ។ សូមអរគុណដល់ទឹកចិត្តបងស្រី ដែលមិនប្រកាន់ និងអភ័យទោសដល់ប្អូនស្រី ថែមទាំងណែនាំ ទូន្មានប្អូនស្រីថែមទៀតផង ។ នាងខ្ញុំ ម៉ូលីកា ក៏សូមអភ័យទោសពីសំណាក់បងៗសិល្បករ សិល្បការិនី និងបងប្អូនក្នុងបណ្តាញសង្គមទាំងអស់គ្នា ដោយក្តីគោរព និងអរគុណពីនាងខ្ញុំផង»។

ចំណែកអ្នកនាងសឿ សុធារ៉ា ក៏បានបញ្ជាក់នៅថ្ងៃដដែលនោះថា អ្នកនាងមិននឹកស្មានថា ម៉ូឡីកា និងស្វាមីនាង មកដល់វត្តភ្លាមៗ សំពះសុំទោសអ្នកនាងផ្ទាល់បែបនេះទេ។

អ្នកនាងសឿ សុធារ៉ា បានបញ្ជាក់ថា «បងប្អូនអើយ! នាងខ្ញុំមិនដឹងថា ពួកគាត់មកដល់វត្តភ្លាមៗអ៊ីចឹងទេ គាត់មកដល់ភ្លាម ថតភ្លាម គាត់ជូនលុយខ្ញុំ ២៥០០០០ម៉ឺនរៀលខ្មែរ និងទឹកត្រចៀកកាំ ១ឡូ ។ ឱ ព្រះជាម្ចាស់អើយ!»។

គួររំឭកថា ថ្មីៗនេះ ក្រោយក្នុងការផ្សាយផ្ទាល់ (Live) តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន តារាស្រីល្បីឈ្មោះ អ្នកនាង អឿន ម៉ូលីកា អ្នកលក់អនឡាញ និងជាមេតុងទីនអនឡាញ កំពុងល្បីរឿងកូនតុងទីនចោទថាបោកលុយគេនោះ បានឆ្លើយតបអ្នកបញ្ចេញយោបល់ (Comment) សួរថា “ចុះសឿ សុធារ៉ា គាត់បោកតុងទីនគេដែរ ម៉េចមិនរត់ចោលស្រុកផង?”  ដោយអ្នកនាង អឿន ម៉ូលីកា ឆ្លើយថា “គាត់ឆ្កួតបាត់ហីហ្នឹង ចង់និយាយអ៊ីចឹងហាស ខ្ញុំនៅរកបាន ខ្ញុំមិនទាន់ឆ្កួតទេ អ៊ីចឹងខ្ញុំនៅសងអ្នកទាំងអស់គ្នា ចង់និយាយអ៊ីចឹងបង មនុស្សធម្មតានៅរកលុយបាន ចុះមនុស្សឆ្កួត រកលុយបានអត់? ឥឡូវខ្ញុំសុំនិយាយប៉ុណ្ណឹង អ៊ីចឹងអត់មានណាគេប្រកាន់គាត់ទេ ព្រោះគាត់ឆ្កួត”។

សម្តីរបស់អ្នកនាងអឿន ម៉ូលីកា ខាងលើនេះ ធ្វើឲ្យសាធារណជនមានប្រតិកម្ម រិះគន់ពេញបណ្តាញសង្គម ក្នុងនោះម្ចាស់ហាងកណ្ណិកា សាឡន ដែលធ្លាប់បានជួយផ្សព្វផ្សាយរកជំនួយសម្រាប់សឿ សុធារ៉ា ក៏បានបញ្ចេញប្រតិកម្មតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន តបទៅអ្នកនាងអឿន ម៉ូលីកា ថា “ខ្ញុំសុំប្រាប់អូនថា ប្អូនស្រីសុធារ៉ា មិនបានឆ្កួតទេអូន អ្នកដែលឆ្កួតគឺអូន។ អូនជាអ្នកលក់ឡេ…ល្បីគួរសមដែរ តែមិនចេះរក្សាកិត្តិយសអូនឲ្យសមនឹងរាល់ថ្ងៃដែលអូនកំពុងព្យាយាមស្រង់មកវិញតា …..ហ៊ី… ចាំទំនេរ ចេហែ…កពីអូនឯងម្តងមើល»។

សូមបញ្ជាក់ថា តារាសម្តែងល្បីឈ្មោះ អ្នកនាងសឿ សុធារ៉ា ហាក់មានស្មារតីមិនប្រក្រតី បន្ទាប់ពីនាងបានបែកបាក់ជាមួយស្វាមី លោកសាពូន មីដាដា ហើយមានបញ្ហាជំពាក់បំណុលគេ ដោយសារលេងតុងទីន រហូតសូម្បីពេលម្តាយបង្កើតស្លាប់ គ្មានលុយធ្វើបុណ្យ ធ្វើឲ្យអ្នកសិល្ប:រួមអាជីពមានការអាណិតអាសូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ក្នុងនោះអ្នកនាងសូ ដានីតា បានប្រកាសលើកលែងបំណុលដែលសឿ សុធារ៉ា ជំពាក់ចំនួន ជិត ៥ម៉ឺនដុល្លារទៀតផង។ សព្វថ្ងៃ សឿ សុធារ៉ា ក្រោយពីម្តាយស្លាប់ នាងកំពុងស្នាក់នៅ រៀនធម៌ រក្សាសីលក្នុងវត្ត ជាមួយដូនជី ៕ ខៀវទុំ

RELATED ARTICLES