Friday, April 10, 2026
Homeតារាខ្មែរពេជ្រ សូលីកា ក្លាយជាថៅកែក្រុមហ៊ុន ?

ពេជ្រ សូលីកា ក្លាយជាថៅកែក្រុមហ៊ុន ?

ភ្នំពេញ ៖ តារាចម្រៀង គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ថ្មីៗនេះបានប្រកាសបើកក្រុមហ៊ុនកម្សាន្ដផ្ទាល់ខ្លួន The K entertainment ដែលមានតារាចម្រៀងប្រចាំក្រុមខ្លួន ដល់ទៅ ៩នាក់ (ស្រី៦ ប្រុស៣) ក្នុងនោះមានទាំងរូបនាងផងដែរ ។ នេះជាការបង្កើតអាជីវកម្មថ្មី ផ្ទាល់ខ្លួនលើកដំបូង របស់ស្រីពេជ្រ ប៉ុន្ដែមុខរបរនេះ នៅតែពាក់ព័ន្ធជាមួយវិស័យសិល្បៈដដែល ហើយក្នុងនោះ ថៅកែស្រីស្អាតរូបនេះ ថែមទាំងត្រូវបានចាត់ទុកជាតារាចម្រៀងស្នូល សំខាន់ជាងគេទៀតផង ព្រោះរូបនាងបានដាក់តាំងរូបនៅ banner ខ្ពស់និងធំជាងគេ ។ នេះជាសញ្ញាមួយ បញ្ជាក់ថា សូលីកា បានបោះជំហានថ្មីមួយទៀត លើសពីតារាចម្រៀងធម្មតាម្នាក់ គឺក្លាយជាថៅកែក្រុមហ៊ុនកម្សាន្ដផ្ទាល់ខ្លួន ដែលមានន័យថា រូបនាង ច្រៀងផង ធ្វើថៅកែផង។

តារាសម្ដែងជើងចាស់ លោកសាវិន ហ្វីលីព  ប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីពេលថ្មីៗនេះ ថាតារាៗ ពេលរកលុយបាន ត្រូវតែសម្លឹងមើលបង្កើតមុខរបរអ្វីមួយ ក្រៅពីសិល្បៈ ដើម្បីកុំឲ្យពេលអាជីពខ្លួន ធ្លាក់ទីផ្សារទៅ មិនជួបវិបត្តិសេដ្ឋកិច្ច ។ ប៉ុន្ដែសម្រាប់ស្រីពេជ្រ មានការកត់សម្គាល់ថា ក្រោយចែកផ្លូវអតីតគូដណ្ដឹង អា ណិកជនខ្មែរនៅអូស្រា្ដលីលោកគឹម ហាន កាលពីឆ្នាំ២០២២ នាងមិនត្រឹមតែអត់ធ្លាក់ខ្លួន ឬមានវិបត្តិសេដ្ឋកិច្ចទេ ប៉ុន្ដែនាងនៅតែហាយសូ ជិះរថយន្ដទំនើបៗ និងរស់នៅខុនដូ យ៉ាងប្រណិត ដោយសាតែចំណូលអាជីពសិល្បៈរបស់នាង រាប់សែនដុល្លារ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្ដែងដូចជានៅឆ្នាំ២០២៥ នាងថា ច្រៀងជិត ១០០ កម្មវិធីផ្សេងគ្នា ដែលគេប្រមាណថា ប្រាក់ចំណូលនាង អាចលើសពី ៣០ម៉ឺនដុល្លារ ក្នុងឆ្នាំនោះ។

គួរកត់សម្គាល់ថា ក្រៅពីពេជ្រ សូលីកា តារាដែលបើកក្រុមហ៊ុនកម្សាន្ដផ្ទាល់ខ្លួន មានដូចជា លោកអេឡិច ច័ន្ទត្រា, យ៉ែម សំអូន, ដួង វីរៈសិទ្ធ, ខាត់ សុឃីម, បាន មុនីល័ក្ខ និងសុភ័ក្រ្ដ កុសុម៉ា ជាដើម ។ ទាក់ទងមុខរបរនេះ លោកអាឡិច ច័ន្ទត្រា ធ្លាប់ប្រាប់ថា ក្នុង១ថ្ងៃៗ មានរោងការ រាប់រយរោង អ៊ីចឹងលោកមិនគិតថា អ្នករកស៊ីផ្នែកនេះ ជាការប្រជែងជាមួយលោកទេ ព្រោះលោកតែម្នាក់ មិនអាចផ្គត់ផ្គងគ្រប់គ្រាន់បានឡើយ ដោយសារជាទូទៅ ក្នុង១ថ្ងៃ លោកទទួលរៀបចំជូនភ្ញៀវ តែ១ ទៅ២រោងប៉ុណ្ណោះ ។

ពេជ្រ សូលីកា នៅឆ្នាំ២០២៦ នេះ នាងថារវល់ខ្លាំងជាងពេលណាៗទាំងអស់ តែថាការថែសម្រស់ សំខាន់បំផុតរបស់នាង គឺផ្ទៃមុខ ព្រោះនាងយល់ថា មុខ សំខាន់ជាងផ្នែកផ្សេងដោយសារតែគ្រប់គ្នា ឃើញសម្រស់មុខ មុនគេ។ ប៉ុន្ដែអ្នកតាមដានសកកម្មភាពសិល្បៈរបស់ សូលីកា ថានៅឆ្នាំ២០២៦ នេះ ស្រីពេជ្រ មិនទាន់មានបទល្បីដូចឆ្នាំ២០២៥ ឡើយ ។ ការអះអាងថា ឆ្នាំនេះ នាងរវល់ច្រើនជាងឆ្នាំមុននោះ បញ្ជាក់ថា អ្នកមេម៉ាយកូន១ រូបនេះ នៅតែត្រូវប៉ាន់។

ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ មិនចាញ់មាន សូនីតា ឡើយ ពោលគឺនាងទៅដើរកម្សាន្ដនៅបរទេស ជាញឹកញាប់ ពិសេសប្រទេសអូស្រា្ដលី ។ អ្វីដែលគួរឲ្យកត់សម្គាល់សូលីកា តែងតែត្រូវបានក្រុម MMO ចាត់ ទុកនាងជាតារាដែលចូលចិត្តលេងសម្លៀកបំពាក់ និងគ្រឿងអលង្ការ ម៉ាកល្បីៗ មិនចាញ់តារាបរទេសឡើយ ។ ប៉ុន្ដែស្រីពេជ្រ ដែលបង្ហាញសសញ្ញាមានស្នេហ៍ថ្មី តាមរយៈបណ្ដើរបុរសម្នាក់ ចូលរួមមង្គលការទេព បូព្រឹក្ស កាលពីដើមខែមិថុនា ឆ្នាំ២០២៥ នោះ ពេលនេះស្ងប់ស្ងាត់ទៅវិញ ពោលគឺគ្មានសញ្ញាថា ពួកគេគ្រោងភ្ជាប់ពាក្យ ឬដឹកដៃគ្នាចូលរោងការឡើយ ។          

តាមព័ត៌មានថា ការដែលពេជ្រ សូលីកា នៅតែរក្សាទីផ្សារចម្រៀងបាន ដូចកាលនៅក្រមុំ ក្រោយក្លាយជាមេម៉ាយកូន១នេះ ដោយសារតែសម្រស់នាង មិនសូវប្រែប្រួល ពោលគឺនៅរក្សារូបរាងស្វែល មិនឡើងគីឡូជ្រុល និងមិនសូវបែកសាច់ គឺដូចគ្នាទៅនឹងសុគន្ធ និសា និងសារ៉ាយ សក្ខណា ដែរ ។ ប៉ុន្តែស្រីពេជ្រ ដែលជំរុញនិងលើកទឹកចិត្តឲ្យប្អូនស្រីខ្លួន កញ្ញា ជេលី ជីង (Jelly Jing) ឲ្យចាប់អាជីពចម្រៀងដូចខ្លួនដែរនោះ នៅឆ្នាំ២០២៦ នេះ នាងមិនទាន់ចាប់ដៃប្អូន ច្រៀងឬចេញបទថ្មី រួមគ្នាទៀតទេ ៕

RELATED ARTICLES