ភ្នំពេញ៖ក្រោយកូវីដថមថយនេះតារាដែលមានសង្សារនិងខ្លះជាគូដណ្ដឹងគ្នាបានត្រៀមដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ខាងមុខនេះជាបន្ដបន្ទាប់ដែលក្នុងនោះគេឃើញអ្នកមេម៉ាយ២ដួងដែលជិតបានស្វាមីក្មេងដូចគ្នានោះគឺនាងពេជ្រ សោភា និងប៉ាច គីមមួយ ត្រៀមរៀបការនៅឆ្នាំក្រោយនេះព្រមគ្នាតែម្ដង។
១៖ពេជ្រ សោភាៈតារាហង្សមាសរូបនេះបានភ្ជាប់ពាក្យជាមួយអ្នកសម្ដែងលោកឆឹម សក្កដា កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២២ តែពិធីនោះបែជាឡើងអក្សរនៅថ្ងៃទី១១ ខែ១១ ទៅវិញ។នេះជាការបញ្ជាក់ភាពច្បាស់លាស់ជាមួយគ្នារបស់សោភា និងសក្កដា ខណៈដែលការភ្ជាប់ស្នេហ៍ជាចំហរបស់តារា១គូនេះជាង៥ឆ្នាំ ត្រូវបានគេសង្ស័យថាពួកគេលងបិតពួនដើម្បីតែបិតបាំងគូស្នេហ៍ពិតនៅក្រោយខ្នងរៀងៗខ្លួនប៉ុណ្ណោះ។បើតាមព័តមានថាសោភា-សក្កដា នឹងដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយព្រោះពួកគេមិនចង់ទុកយូនាំតែជូផ្អូម។ប៉ុន្ដែនៅពេលសាកសួររឿងនេះសោភា នៅតែព្យាយាមលាក់បាំង ដោយគ្រាន់តែបង្ហើបថានៅថ្ងៃមង្គលការក្មួយនាងមុននេះនាងមិនហ៊ានហៅតារារួមអាជីពទៅច្រើនទេ ព្រោះថារងចាំធ្វើកម្មវិធីខ្លួនឯងទើបសរុបយកតែម្ដង។ទោះជាយ៉ាងណាមហាជននៅតែមានចម្ងល់ថាតើមង្គលការរបស់សោភា ជាមួយលោកសក្កដា អាចទៅរួចទេ បើកន្លងមកធ្លាប់តែលេចឭថាលោកគូដណ្ដឹងរបស់សោភា មានប្រុសតាមស្រលាញ់ច្រើនជាងស្រ្ដីភេទបែបនេះ?

គូររំលឹកថាពេជ្រ សោភា ធ្លាប់បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១៥ តែនៅឆ្នាំ២០១៦ ពួកគេក៍ចែកផ្លូវគ្នា។ប្រសិនបើសោភា ពិតជាក្លាយទៅជាប្រពន្ធលោកសក្កដា នៅឆ្នាំក្រោយនេះមែននោះជាមង្គលការលើកទី២ហើយសម្រាប់រូបនាង ខណៈដែលតារានៅហង្សមាសមួយចំនួនបានផ្ទុះសំណើចនៅពេលឭថាសោភា ភ្ជាប់ពាក្យជាមួយសក្កដា នោះហើយពួកគេខ្សឹបខ្សៀវគ្នាថាផែនដីក្រឡាប់ចាក់អស់ទៅហើយ។

២៖ប៉ាច គីមមួយៈអ្នកមេម៉ាយសាច់សខ្ចីរលើបរលោងម៉ដខៃរូបនេះបានភ្ជាប់ពាក្យជាមួយអតីតកូនក្រុមពេជ្រ សោភា កម្មវិធីប្រលងចម្រៀងThe Voice Cambodia រដូវកាលទី២លោកសយ រតនៈ កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីគីមមួយ បានទុកជីវិតជាស្រ្ដីមេម៉ាយជាច្រើនឆ្នាំ។គីមមួយ ក៍មិនប្រាប់ពីថ្ងៃនាងរៀបការដែរដោយលើកហេតុផលថាចង់ធ្វើឲ្យFan មានការភ្ញាក់ផ្អើល ប៉ុន្ដែក្រោយពីនាងក្លាយទៅជាគូដណ្ដឹងរបស់លោករតនៈ មកទៅណាក៍ត្រូវបានប្រុសក្មេងរូបនេះតាមស្អិតដូចតុកកែដែរ ហេតុនេះហើយបុរសទាំងឡាយដែលធ្លាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍នាងគីមមួយ នោះមិនអាចចូលកៀកប្រាណស្រីស្អាតរូបនេះបានជាដាច់ខាត ព្រោះតារាហង្សមាសរូបនេះមានអង្គរក្សតាមគ្រប់ជំហ៊ាន។អ្នកសិល្បៈរួមអាជីពជាច្រើនបានសរសើរនាងគីមមួយ ថាជ្រើសគូស្នេហ៍ដោយបេះដូងជាជាងយកលុយជាធំ ព្រោះថានាងមានជម្រើសស្នេហ៍ច្រើនដោយសារតែប្រុសវ័យចំណាស់ទ្រព្យស្ដុកមិនតិចនាក់ទេ ចង់ធ្វើប្ដីនាង តែគីមមួយ ដែលថានាងស្រលាញ់តែប្រុសក្មេង ហើយបុរសចាប់ពីអាយុ៤០ឆ្នាំឡើងទៅនាងមើលមិនចូលភ្នែកនោះពេលនេះក្ដីបំណងប្រាថ្នានាងពិតជាបានសម្រេចមែនព្រោះប្រុសរូបសង្ហាររតនៈ ជិតក្លាយជាស្វាមីនាងនេះអាយុប្អូននាងជាច្រើនឆ្នាំ។


ក្រៅពីពេជ្រ សោភា និងប៉ាច គីមមួយ ដែលរកបានប្ដីអាយុតិចជាងខ្លួននោះគេឃើញតារា២ដួងទៀតនោះគឺអ្នកនាងគង់សុជាតិ និងខាត់ សុឃីម ក៍មានសា្វមីក្មេងដូចគ្នាផងដែរ។ដោយឡែកសម្រាប់តារាមានគូស្នេហ៍តែមិនទាន់កំណត់ថ្ងៃការជាចំហច្បាស់លាស់នាពេលនេះមានដូចជាអ្នកនាងយុគ ចិន្ដា,ទេព បូព្រឹក្ស,ម៉ង់ ចាន់កញ្ញា,ចំរើន សុភ័ក្រ និងមាស សុខសោភា ជាដើម៕