ភ្នំពេញ៖តារាវ័យ៣២ឆ្នាំ តែរូបសម្រស់នៅតែក្មេងជាងវ័យស្រីស្អាតសុខ ពិសី បានបែកដៃគូចាស់លោកខែម ប៊ុនថៃ រយៈពេល៥ឆ្នាំហើយក្រោយ បន្ទាប់ពីលោកប៊ុនថៃ ទៅចេញពីសាន់ដេចូលហង្សមាសកាលពីឆ្នាំ២០១៧ ។យ៉ាងណាពេលនេះសុខ ពិសី នៅតែអាចក្លាយជាដៃគូជាមួយលោកខែម ប៊ុនថៃ ជាលើកទី២បានម្ដងទៀតបើសិនជាតារាកូន៣រូបនោះ”ទៅហើយមកវិញ” ព្រោះថាពេលនេះលោកបានផុតកុងត្រាជាមួយហង្សមាសទៅហើយ ទើបFan ចង់ឃើញពិសី-ប៊ុនថៃ ចាប់ដៃគ្នាសារជាថ្មីឡើងវិញ។

ប៉ន្ដែរហូតមកដល់ពេលនេះគ្មានសញ្ញាណាមួយដែលថាសាន់ដេគ្រោងចុះកិច្ចសន្យាថ្មីជាមួយលោកខែម ប៊ុនថៃ នោះទេ បើទោះជាផលិតកម្មមួយនេះធ្លាប់ទទួលយកលោកកែវ វាសនា ដែលចេញពីទ្រនុំខ្លួនទៅថោន នោះមកវិញក្ដី តែសម្រាប់លោកប៊ុនថៃ វិញពេលនេះក្លាយជាឧកញ៉ាហេតុនេះហើយលោកមិនផ្ដោតលើអាជីពចម្រៀងតែ១ច្រកដូចមុនឡើយ ព្រោះជាប់ដៃរកស៊ីលក់ដីឡូតិ៍ ហើយតាមទ្រព្យធនរបស់លោកពេលនេះក៍អាចបើកផលិតកម្មខ្លួនឯងនាពេលណាក៍បានដែរឲ្យតែមានចិត្តចង់ បើទោះជាកាលពីឆ្នាំ២០១៧ ធ្លាប់លេចឭថាលោកចង់បើកផលិតកម្មខ្លួនឯងតែបែជាស្ងាត់ទៅវិញរហូតមកដល់ពេលនេះក្ដី។

គូរកត់សម្គាល់ថាទោះជាសុខ ពិសី និងលោកខែម ប៊ុនថៃ លែងជាដៃគ្នាជាង៥ឆ្នាំក្ដី តែទំនាក់ទំនងរបស់ពួកគេនៅតែល្អហើយគេឃើញពិសី ច្រើនតែយកបាច់ផ្កាទៅជូនលោកប៊ុនថៃ ពេលដែលអតីតដៃគូរបស់ខ្លួនរូបនេះបើកហាងរកស៊ី ខណៈដែលលោកប៊ុនថៃ ក៍បានឲ្យប្រពន្ធរបស់លោកចូលរួមសម្ពោធហាងតែគុជរបស់ពិសី វិញផងដែរ។គេចាំបានថាមានបទចម្រៀងជាច្រើនបទដែលស្រីស្អាតពិសី ច្រៀងCover បទរបស់លោកខែម ប៊ុនថៃ អំឡុងពួកគេរួមទ្រនុំជាមួយគ្នាជិត៧ឆ្នាំ ប៉ុន្ដែក្រោយពីពិសី បាត់ដៃគូពិសេស៥ឆ្នាំមកនេះនាងក៍នៅតែរក្សារតំណែងជាតារាស្រីនាំមុខគេនៅសាន់ដេបានដដែលហើយដៃគូថ្មីរបស់នាងគឺលោកឆាយ វីរៈយុទ្ធ និងនាយចឺម ជាដើម។

ប៉ុន្ដែងាកមកមើលរឿងស្នេហាវិញពិសី នៅតែគ្មានដំណឹងចូលរោងការឡើយនៅឆ្នាំ២០២២ នេះបើទោះជារឿងស្នេហានាងជាមួយថៅកែសាន់ដេលោកឡាយ សុខចំរើន ល្បីសុះសាយជាង១០ឆ្នាំក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះអ្នកទាំងពីរមិនដែលសារភាពស្នេហ៍ម្ដងណាឡើយ៕
