ភ្នំពេញ៖អ្នកនាងកែវ កល្យាណ បានរៀបការកូនស្រីច្បងសំណព្វចិត្តរបស់នាងឈ្មោះកែវ ឡាវីញ អាយុ២៣ជាមួយលោកហម លាងហេង អាយុ២៥ឆ្នាំកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលពិធីនោះមានភ្ញៀវទាំងសងខាងជាង៩០០នាក់(៩០តុ)ចូលរួម ខណៈដែលអ្នកសិល្បៈវិញគេឃើញមានតែអ្នកជិតដិតប៉ុណ្ណោះដែលត្រូវអតីតតារាសម្ដែងជើងចាស់រូបនេះហៅឲ្យចូលរួម។ការចូលរោងការរបស់នាងឡាវីញ នាពេលនេះប្រាកដណាស់ថាជាការលាងជម្រះមន្ទិលសង្ស័យនាងស្រលាញ់ភេទដូចគ្នា(Lesbian)ជាមួយនាងយ៉ា សុផាន់ម៉ៃ ក្រោយអ្នកទាំងពីរលេងរឿង”រសជាតិអ្នកមាន”ហើយត្រូវបានគេតាមដានឃើញថាពួកគេជាប់ចិត្តគ្នាទាំងក្នុងនិងក្រៅឆាក ។ប៉ុន្ដែពេលនេះនាងឡាវីញ ជ្រើសប្ដីជាបុរសពេញលក្ខណៈមិនមែនជាស្រី្ដភេទដូចការសង្ស័យនោះទេ ទើបគេជឿរថាចាប់ពីពេលនេះតទៅអ្នកដែលសង្ស័យថានាងឡាវីញ ស្រលាញ់ស្រីដូចគ្នានោះប្រាកដជាលែងដាក់បន្ទុកដល់នាងដូចមុនទៀតជាមិនខាន។
គេឃើញមង្គលការរបស់នាងកែវ ឡាវីញ នោះមានអ្នកដឹកនាំរឿងជើងចាស់លោកហ្វៃ សំអាង និងលោកកៅ សីហា ក៍បានចូលរួមដែរ ហើយមុនរៀបការមួយថ្ងៃអ្នកនាងកល្យាណ ប្រាប់ថាកូនស្រីនាងសម្រាកបានតែ១អាទិត្យប៉ុណ្ណោះនឹងត្រូវបន្ដអាជីពសម្ដែងរបស់ខ្លួនឡើងវិញដោយត្រៀមថតរឿងថ្មីជាប្រភេទរឿងសម័យឲ្យហង្សមាស ហើយក្នុងនាមនាងជាម្ដាយនៅតែគាំទ្រកូនស្រីឲ្យលេងសិល្បៈជាបន្ដទៀតដើម្បីចូលរួមលើកស្ទួយសិល្បៈទី៧របស់ខ្មែរយើង។
តាមប្រភពថាពេលដឹងថាកែវ ឡាវីញ រៀបការប្ដីក្រុមស្រលាញ់ស្រីភេទដូចគ្នាមួយចំនួនមានការសោកស្ដាយដែលស្រីស្អាតរូបនេះជ្រើសប្ដីជាបុរសពេញលក្ខណៈ រហូតមានអ្នកខ្លះកើតទុកមិនសុខចិត្តដោយសារតែនាងមិនស្រលាញ់ស្រីដូចក្នុងរឿងនោះទៀតផង។ចំណែកអ្នកនាងកល្យាណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបើសិនជាឡាវីញ ហ៊ានតែទទួលថតភាពយន្ដណាដែលលេងស្រលាញ់ស្រីនិងស្រីទៀតនោះគឺនាងគ្មានការរារែកចិត្តប៉ុនក្រចកដៃឡើយ ត្រូវតែឲ្យនាងឈប់សិល្បៈជាបន្ទាន់តែម្ដង។ចាប់តាំងពីការប្រកាសរបស់អតីតតារាសម្ដែងទសវត្សន៍ទី៨០ និង៩០ នោះមកគេឃើញឡាវីញ មិនហ៊ានប្រឆាំងបញ្ជារបស់ម្ដាយនាងឡើយហើយនាងងាកទៅលេងរឿងបុរាណនិងសម័យដែលធ្វើជាស្រ្ដីភេទពេញលក្ខណៈវិញ។សម្រាប់អ្នកនាងកែវ កល្យាណ នាងថាមានអ្នកដឹកនាំរឿងមួយចំនួនបានហៅនាងថតភាពយន្ដឡើងវិញដែរក្នុងនាមជាតួម្ដាយ ប៉ុន្ដែនាងបានបដិសេធជាបន្ដបន្ទាប់ព្រោះខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ បើទោះជាចិត្តនៅតែស្រលាញ់ការងារចាស់នេះដក់ជាប់ក្នុងចិត្តជានិច្ចក្ដី។
ក្រៅពីអ្នកនាងកែវ កល្យាណ តារាដែលបណ្ដុះកូនស្រីឲ្យបន្ដវេនអាជីពសិល្បៈមានដូចជាអ្នកនាងម៉េង កែវពេជ្ជតា,ខាត់ សុឃីម,ចន ច័ន្ទលក្ខិណ,លោកហួ ឡាវី និងព្រាប សុវត្ថិ ជាដើម។ចំពោះអ្នកនាងកល្យាណ វិញពេលនេះនាងបានកូនប្រសារជាអ្នកជំនាញIT ហើយគេជឿរថានាងប្រាកដជាស្រាលខ្លួនលែងឈឺក្បាលរឿងFan របស់ឡាវីញ និងសុផាន់ម៉ៃ ខ្វែងគំនិតគ្នាតទៅទៀតជាមិនខាន ហើយរឿងដែលនាងនឹងរីករាយគឺនឹងទទួលបានចៅពឆាប់ៗនេះហើយ៕