ខេត្តព្រះវិហារ ៖ បុរសជាកម្មករជីកដី រែងមាស ចំនួន២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ខ្សែភ្លើងឆក់ ខណៈដែលជនរងគ្រោះទាំង២ នាក់ បានចុះទៅក្នុងរណ្តៅដី ដើម្បីស៊ីឈ្នួល ជីកកកាយ រុករករ៉ែមាស ឱ្យថៅកែ ដោយ មិនប្រយ័ត្ន។
ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចរណ្តៅរ៉ែមាស ១កន្លែង ស្ថិតក្នុងតំបន់ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង។
សមត្ថកិច្ចឃុំរមទម បានឱ្យដឹងថា ជន រងគ្រោះទាំង២នាក់ ដែលបាត់បង់ក្នុងរណ្តៅ ដី ទី១-ឈ្មោះទាវ បុរី អាយុ៣៧ឆ្នាំ និង ទី២-ឈ្មោះយ៉ន យឿន អាយុ៣៥ឆ្នាំ។ ជន រងគ្រោះទាំង២នាក់ មុខរបរជាកម្មកររ៉ែ-មាស និងមានលំនៅក្នុងភូមិត្រពាំងទឹម ឃុំ រមទម ស្រុករវៀង ជាមួយគ្នា។
ប្រភពដដែល បានបញ្ជាក់ថា មុនពេល កើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានមក ធ្វើជាកម្មករស៊ីឈ្នួលជីកកកាយ រុករករ៉ែ មាស ឱ្យថៅកែឈ្មោះធា និងថៅកែឈ្មោះ ឆយ ដែលប្រកបអាជីវកម្មរ៉ែមាស ដោយ ខុសច្បាប់។ លុះមកដល់វេលាម៉ោងកើតហេតុ ខាងលើ ខណៈដែលជនរងគ្រោះទាំង២នាក់ ចុះទៅក្នុងរណ្តៅដី ដើម្បីជីកដី រែងមាសដូច សព្វដង ស្រាប់តែត្រូវខ្សែភ្លើងឆក់ បណ្តាល ឱ្យស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យសពជនរងគ្រោះ ទាំង២នាក់ រួចបញ្ជាក់ថា ជនរងគ្រោះពិតជា បានស្លាប់ ដោយសារចរន្តអគ្គិសនីឆក់ប្រាកដ មែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី និងកំពុងតាមរកអ្នកទទួលខុសត្រូវ ដើម្បីធ្វើតាមនីតិវិធីច្បាប់៕