ខេត្តកណ្តាល ៖ កុមារីម្នាក់ បានបាត់បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ ម៉ូតូកង់៣ មួយគ្រឿង បានរអិលធ្លាក់ចូលទន្លេ អំឡុង ឆ្លងទូកដ បង្កការភ្ញាក់ផ្អើលឡើង កាលពី ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុច កំពង់ចម្លងក្បាលកោះគ-ស្វាយប្រទាល ស្ថិត ក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុក ស្អាង ។
តាមសម្តីលោក ម៉ន ដារ៉ា អាយុ២៨ឆ្នាំ ជាពូកុមារីរងគ្រោះ បានឱ្យដឹងថា មុនពេល កើតហេតុ ខ្លួនបានបើកម៉ូតូកង់៣ ដឹកប្រពន្ធ និងកូន អាយុ២ខួបកន្លះ ព្រមទាំងក្មេងស្រី រងគ្រោះ អាយុ៦ឆ្នាំ ចេញពីផ្ទះម្តាយ នៅភូមិ ព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ក្នុងគោលបំណងនាំក្មួយត្រឡប់ទៅផ្ទះ នៅឯ ភ្នំពេញ វិញ ដោយឆ្លងដស្វាយប្រទាល ទៅ ត្រើយខាងលិច ពេលបើកចុះទូករួចរាល់ ទូកដចេញដំណើរបានជាង ១០ម៉ែត្រ ពីមាត់- ច្រាំង ដោយសារអ្នកបើកទូកមិនបានយក កំណល់កល់កង់ ធ្វើឱ្យម៉ូតូកង់៣របស់ខ្លួន រអិលធ្លាក់ចូលទន្លេ ធ្លាក់ទាំងរូបខ្លួន និង ប្រពន្ធកូន ព្រមទាំងក្មួយស្រីរងគ្រោះ ដែល នៅលើកង់៣នោះ ចូលទន្លេទាំងអស់គ្នា។ ភ្លាមនោះ ប្រពន្ធបានស្ទុះចាប់បានកូនស្រី ហើយស្រែកឱ្យខ្លួនជួយក្មួយ ប៉ុន្តែជួយមិនទាន់ ក្មួយស្រីរងគ្រោះ បានធ្លាក់ចេញពីកង់៣ លិច ចូលទន្លេ ទោះជាខ្លួនព្យាយាមមុជរាវរក យ៉ាងណា ក៏មិនឃើញដែរ។ ចំណែកប្រពន្ធ និងកូនរបស់លោក បើសិនជាគ្មានក្មេងៗ ជំទង់ដែលមុជទឹកនៅក្បែរនោះ ចេញទូក មកជួយនោះទេ ក៏លង់ដែរ ហើយទាល់តែ ប្រមាណជាង ៤០នាទីក្រោយមក ទើបប្រជា- ពលរដ្ឋជួយរាវរកឃើញ ប៉ុន្តែក្មួយស្រី បាន ផុតដង្ហើមទៅហើយ។
ដោយឡែក ស្ត្រីឈ្មោះ ម៉ន កញ្ញា អាយុ ៣០ឆ្នាំ ម្តាយកុមារីរងគ្រោះ បានរៀបរាប់ ទាំងទឹកភ្នែកថា កូនស្រីរបស់នាង ពិតជា អភព្វ័ណាស់ ត្រូវឪពុកបោះបង់ចោល តាំងពី នៅក្នុងផ្ទៃ ហើយកាលពីព្រឹក ប្អូនប្រុសបាន មកយកកូនស្រី ទៅលេងម្តាយ (ជីដូន) ស្រាប់តែល្ងាចឡើង បងប្អូនទូរស័ព្ទប្រាប់ថា កូនស្រីធ្លាក់ពីលើទូកដ ស្លាប់បាត់ទៅហើយ។
លោកតា កុង សុង វ័យ៨៥ឆ្នាំ ជាម្ចាស់ ទូកដកើតហេតុ បានមានប្រសាសន៍ថា លោក នឹងទទួលរ៉ាប់រងចេញប្រាក់ធ្វើបុណ្យសពក្មេង ស្រីរងគ្រោះទាំងស្រុង ហើយក្រោយរៀបចំ បុណ្យឱ្យក្មេង រួចរាល់ ក្នុងនាមជាម្ចាស់ទូកដ លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ម្ចាស់ទូកដរូបនេះ បញ្ជាក់ថា ប្រសិនបើ ម្ចាស់ម៉ូតូកង់៣ គោរពតាមការណែនាំ ពេល ឡើងទូកដ ឱ្យអ្នកដំណើរចុះពីម៉ូតូកង់៣ ហើយដាក់ហ្វ្រាំងដៃ និងកល់កំណល់ឱ្យបាន ត្រឹមត្រូវនោះ ក៏មិនកើតគ្រោះថ្នាក់បែប នេះដែរ។
ក្រោយពេលកើតហេតុ អ្នកបើកទូកដ ដែលអាយុប្រមាណ១៥-១៦ឆ្នាំ បានរត់គេច ខ្លួន ហើយប្រជាពលរដ្ឋ និងអ្នកដំណើរដែល ឆ្លងទូកដ បានរិះគន់ថា ម្ចាស់ទូកដ មិនគួរប្រើ ក្មេងមិនគ្រប់អាយុ គ្មានបទពិសោធន៍ ឱ្យបើក ទូកដនោះទេ ព្រោះអាយុជីវិតអ្នកដំណើរ គឺ ពឹងទៅលើអ្នកបើកទូកចម្លងនេះហើយ៕