Monday, November 25, 2024
Homeព័ត៌មានជាតិប្តីពុសអុស ប្រពន្ធដាំបាយ ភ្លើ..ងឆេះផ្ទះហ្ម..ត់

ប្តីពុសអុស ប្រពន្ធដាំបាយ ភ្លើ..ងឆេះផ្ទះហ្ម..ត់

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ ២នាក់ កំពុងរវល់ការងាររៀងខ្លួន ដោយបុរសជាប្តី រវល់ពុសអុស នៅខាងមុខផ្ទះ ចំណែកស្ត្រីជាប្រពន្ធ រវល់ដាំបាយនៅក្រោយផ្ទះ លុះក្រោយមក លាន់ឮសំឡេងផ្ទុះចេញពីក្នុងផ្ទះដែរ តែមិនចាប់អារម្មណ៍ ស្រាប់តែបន្តិចក្រោយមក ប្រទះឃើញអណ្តាតភ្លើង កំពុងឆាបឆេះផ្ទះរបស់ខ្លួនយ៉ាងសន្ធោសន្ធៅ ទើបស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច តែយឺតពេលទៅហើយ ដោយសារផ្ទះទាំងមូល បានក្លាយជាចំណីភ្លើងអស់គ្មានសល់ឡើយ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិក្បាលព្រលាន សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានឈ្មោះរ៉ាន់ សារ៉ុម ហៅឌុច អាយុ៦៥ឆ្នាំ ជាអ្នកប្រកបរបរជីករ៉ែត្បូង មានប្រពន្ធឈ្មោះ ស ចន្នី អាយុ៦៥ឆ្នាំ មុខរបរមេផ្ទះ។ ចំណែកផ្ទះដែលរងការឆាបឆេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី។

តាមការរៀបរាប់ពីបុរសចំណាស់ជាម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែពុះអុស នៅខាងមុខផ្ទះ ហើយបិទទ្វារ ចាក់សោចោល។ ចំណែកប្រពន្ធគាត់ កំពុងជាប់រវល់ដាំបាយ ធ្វើម្ហូប នៅខាងក្រោយផ្ទះ។ លុះមួយសន្ទុះក្រោយមក គាត់បានឮសំឡេងផ្ទុះ នៅក្នុងផ្ទះយ៉ាងខ្លាំងដែរ តែគាត់មិនបានចាប់អារម្មណ៍នោះឡើយ ក៏បន្តពុះអុស​ រហូតដល់អ្នកជិតខាងឃើញផ្សែងហុយឡើងលើ ខ្មួលខ្មាញ់ខ្លាំង ក៏រត់មកប្រាប់គាត់ និងហៅអ្នកជិតខាង មកជួយពន្លត់ភ្លាមៗ ព្រមទាំងប្រញាប់ទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យ ឱ្យជួយបាញ់ទឹកពន្លត់ ដើម្បីកុំឱ្យឆ្លងរាលទៅផ្ទះក្បែរនោះ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម អាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំកម្លាំងសមត្ថកិច្ច និងក្រុមការងារ ចុះទៅជួយអន្តរាគមន៍ភ្លាមៗដែរ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ ដោយភ្លើងឆេះខ្លាំងពេញបន្ទុក ខ្យល់ក៏បក់បោកខ្លាំង រហូតដល់ឆាបឆេះខ្ទេចគ្មានសល់អ្វីក្នុងផ្ទះឡើយ។

តាមការអះអាងរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ អគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ប្រាក់ ចំនួន២ពាន់ដុល្លារ និងជាង២លានរៀល ចិញ្ចៀនដាំត្បូង ២វង់ និងខូចខាតទូដាក់សម្លៀកបំពាក់ មុង ភួយ គ្រែដេក ព្រមទាំងរបស់របរ ផ្សេងៗទាំងអស់ ពោលគឺប្តីប្រពន្ធពួកគាត់ សល់ត្រឹមតែខោអាវ ១ចង្កេះ ឆ្អេះជាប់ខ្លួនប៉ុណ្ណោះ៕

RELATED ARTICLES